(ស្វាយរៀង)៖ ក្នុងឱកាសអបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលផ្នែកឃោសនាអប់រំ ដឹកនាំដោយលោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកថវិកា និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនលោកយាយ គង់ សារឿន អតីតយុទ្ធជនប្តេជ្ញាឈ្នះ វរជនដោះមីន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅនៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកស្រី ឈុន សារឹម ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាតំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងតំណាងអាជ្ញាធរដែនដីផងដែរ។

លោក ចាយ បូរិន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោកយាយ គង់ សារឿន និងក្រុមគ្រួសារ។

លោកយាយ គង់ សារឿន ​មានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងខ្ញុំសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈលោក ចាយ បូរិន ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខក្រុមគ្រួសារគាត់ដល់លំនៅដ្ឋាន។

លោកយាយពិតជាមានការពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន ហើយតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទាំងអស់ដែលមានគុណបំណាច់ ចំពោះគណបក្ស និងប្រទេសជាតិ។

លោកយាយបានរៀបរាប់ពីប្រវត្តិការងារថា ឆ្នាំ១៩៧២ ចេញតស៊ូដើម្បីបុព្វហេតុជាតិ មាតុភូមិ ឆ្នាំ១៩៧៤ បានចូលទៅប្រទេសវៀតណាម បានចូលបម្រើកងទ័ពនៅអង្គភាពវរនារីពិសេស វាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ បន្ទាប់មកបានផ្ទេរភារកិច្ចទៅអង្គភាពកងអនុសេនាធំនារីដោះមីន ខេត្តស្វាយរៀង ហើយបានបំពេញភារកិច្ចដោះមីននៅតាមព្រំប្រទល់ដែនកម្ពុជា វៀតណាម និងកម្ពុជា ថៃ ហើយបានទទួលងារជាយុទ្ធជនប្តេជ្ញាឈ្នះ ជាវរជន បច្ចុប្បន្នចូលនិវត្តន៍។

លោកប្រធានប្រតិភូបានសម្តែងការកោតសសើរចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់លោកយាយ គង់ សារឿន ដែលបានលះបង់គ្រប់បែបយ៉ាង ចូលរួមបម្រើកងទ័ព ដើម្បីបុព្វហេតុរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

លោក ចាយ បូរិន លោកស្រី ឈុន សារឹម ព្រមទាំងសមាជិក សមាជិកាប្រតិភូ បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនលោកយាយ គង់ សារឿន និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយបីបាច់រក្សាលោកយាយមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕