(កណ្ដាល)៖ លោក ណុប រ័ត្ននិមល បានជំរុញឲ្យយុវជន និងប្រជាជនកម្ពុជា បន្តរិះគិតពិចារណាទៅលើកត្តាសុខសន្តិភាព ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺបានមកដោយការលំបាក និងបានមកដោយសារការលះបង់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន រួមនឹងប្រតិបត្តិករជាច្រើនទៀត ដែលបានបូជាសាច់ស្រស់ឈាមស្រស់ និងបានយកអាយុជីវិតធ្វើជាដើមទុក។

លោក ណុប រ័ត្ននិមល ជំនួយការសម្តេចធិបតីនាយករដ្ឋមន្ត្រី តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី បានលើកឡើងដូចនេះ ក្នុងឱកាសដង្ហែអង្គកឋិនទានវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តពោធិអណ្តែត ស្ថិតនៅឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកបានបន្តថា អី្វៗដែលកំពុងកើតមាន និងការជួបជុំគ្នាប្រារព្ធពិធីបុណ្យអង្គកឋិនទាន រួមនិងពិធីបុណ្យផ្សេងៗនាថ្ងៃនេះ គឺដោយសារសុខសន្តិភាព ប្រសិនបើប្រទេសជាតិរបស់យើងនៅមានសង្គ្រាម យើងក៏មិនអាចមានឱកាសបានមកជួបជុំគ្នាប្រារព្ធពិធីបុណ្យទានផ្សេងៗបាននោះដែរ រាប់ទាំងការគោរពសិទ្ធមនុស្ស និងការគោរពនូវជំនឿសាសនា។

យោងតាមរបាយការណ៍របស់លោកអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ក្នុងទូទាំងស្រុកមានវត្តសរុបចំនួន៣៤វត្ត និងអាស្រមចំនួន២ ព្រះសង្ឃសរុបចំនួន ៤៥០អង្គ ភិក្ខុមានចំនួន១៣៦អង្គ សាមមាណមានចំនួន៣១៤អង្គ អាចារ្យមានចំនួន១០០នាក់ គណៈកម្មការវត្តមានចំនួន ២៧៣ នាក់ តាជី មានចំនួន១៤នាក់ យាយជីមាន ៥៨នាក់, គ្រប់វត្ត និងអាស្រមសុទ្ធតែមានសមិទ្ធផលបម្រើដល់ការគោរពប្រតិបត្តិ តាមបែបសាសនា ព្រះវិហារ សាលាធម្មសភា កុដិថ្ម របងត្រូវបានកសាងរីកចម្រើនយ៉ាងផុសផលដោយកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ពិសេសវិស័យសាសនា នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ធការល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកណ្ដាលស្ទឹង បានចូលរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការកសាងសមិទ្ធផលជាច្រើន ដូចជា ព្រះវិហារ សាលាធម្មសភា កុដិថ្ម និងបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការកសាងសមិទ្ធផលនានា ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលធ្វើឲ្យប្រជាជនក្នុងស្រុកមានការគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោក ណុប រ័ត្ននិមល បានគូសបញ្ជាក់ថា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ និងដ៏ប៉ិនប្រសប់របស់គណបក្សប្រជាជនកម្ពុជា និងរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន ជាប្រមុខនាពេលកន្លងមកនេះ បានខិតខំកសាងស្តារ និងអភិវឌ្ឍន៍ជាតិចេញពីបាតដៃទទេ និងចេញពីគំនរផេះផង់សន្សល់ពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយធ្វើឲ្យសង្គមជាតិមានរីកចំរើនលើគ្រប់វិស័យ។ ដោយឡែកក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃអាណត្តិទី៧នេះ បានខិតខំបន្តក្នុងការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ច និងការការពារបូរណភាពទឹកដី ពិសេសការពារថែរក្សានូវសុខសន្តិភាព ដើម្បីកំណើន ការងារ សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា។

លោកណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ បានវេរប្រគេនបច្ច័យសង្កត់ត្រ័យ សម្រាប់បន្តលើការសមិទ្ធផលនានា នៅក្នុងទីអារាមវត្តពោធិអណ្តែត មានចំនួន ៥០លានរៀល ក្នុងនោះ បច្ច័យរបស់ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី មានចំនួន ៣៥លាន ២០ម៉ឺនរៀល ។ ជាមួយគ្នានេះដែរ ឯកឧត្តម និងលោកជំទាវ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនឧបត្ថម្ភដល់សីលវន្តសីលវត្តី មន្ត្រីក្រុមប្រឹក្សាស្រុក-ឃុំ លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕