(ភ្នំពេញ)៖ អ្នកមីង សួន សុមួន អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានបញ្ហារលាកសាច់បំពង់ក រ៊ាំរ៉ៃ (Chronic Tonsillitis) ដែលធ្វើឱ្យគាត់មានបញ្ហាពិបាកញ៊ាំអាហារ ដោយមានអារម្មណ៍ទើសៗ និងឈឺនៅនឹងបំពង់ក ក៏ទទួលបានការវះកាត់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ដោយជោគជ័យ។

ដោយក្តីសប្បុរសពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ធ្វើការពិនិត្យ និងវះកាត់ជូនអ្នកមីងដោយជោគជ័យ។

អ្នកមីងមានអារម្មណ៍រំភើបរីករាយឥតឧបមា និងគោរពថ្លែងអំណរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិតជាអនេក ដោយបច្ចុប្បន្នគ្រូពេទ្យបានអនុញ្ញាតឱ្យអ្នកមីងត្រឡប់ទៅផ្ទះវិញហើយ។

រាល់ការចំណាយទាំងការព្យាបាល និងការស្នាក់នៅ ព្រមទាំងការចំណាយលើថ្លៃអាហារ គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕