(ភ្នំពេញ)៖ វិវាទដ៏ធ្លីរបស់ប្រជាពលរដ្ឋ៤០គ្រួសារ នៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សី ដែលបានអាយុកាល ២៥ឆ្នាំមកហើយនោះ ត្រូវបានដោះស្រាយបញ្ចប់ហើយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ ហើយក៏បានប្រគល់ប័ណ្ណកម្មសិទ្ធ ជូនពួកគាត់ផងដែរ។
ជាមួយការដោះស្រាយបញ្ចប់វិវាទមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ក៏បានហៅប្រជាពលរដ្ឋទាំង៤០គ្រួសារ មកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីផងដែរ។ ប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ បានបង្ហាញក្តីរីករាយខ្លាំង បន្ទាប់ពីពួកគេបានទទួលដីមកវិញ។
ក្រុមប្រជាពលរដ្ឋបានថ្លែងអំណរគុណ ដល់ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងសម្តែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា មានវិវាទដីធ្លីរ៉ាំរ៉ៃជាច្រើននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តផងដែរ ត្រូវបានដោះស្រាយបញ្ចប់ជាបន្តបន្ទាប់ បន្ទាប់ពីលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំណាត់ការដោះស្រាយវិវាទដីធ្លីជាបន្តបន្ទាប់នេះ បានធ្វើឲ្យមានការស្វាគមន៍ និងសាទរខ្លាំងផងដែរពីប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលនានា៕