(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា និងលោកស្រី ញូង ចរិយោ អ៊ុនចាន់ដា ប្រធានកិត្តិយសសមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានដង្ហែកឋិនសាមគ្គីចូលវត្តបទុមរតនៈដីដុះ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បន្ទាប់ពីបានប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនារួច អភិបាលខេត្តកំពង់ចាមបានសំណេះសំណាលទៅកាន់ពុទ្ធបរិស័ទនៅក្នុងអង្គកឋិនទាននោះថា ការរៀបចំដង្ហែរកឋិនសាមគ្គីមកកាន់វត្តរតនៈដីដុះនាឱកាសនេះ មានថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទដែលបានចូលរួមបានកៀគរប្រមូលបច្ច័យ ដើម្បីកសាងឧបដ្ឋានសាលាក្នុងបរិវេណវត្តរតនៈដីដុះ មានទំហំធំលក្ខណៈស្តង់ដា មានរចនាបទស្រស់ស្អាត ស្របតាមព្រះពុទ្ធសាសនា ដែលគ្រោងចំណាយថវិកាប្រមាណជា៦០ម៉ឺនដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ប្រហែលជា៦ឆ្នាំ។ ដូច្នេះបច្ច័យសម្រាប់កសាងឧបដ្ឋានសាលានោះ គឺសង្ឃឹមទៅលើការចូលរួមពីថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទក្នុងមួយឆ្នាំត្រូវប្រើថវិកាអស់១០ម៉ឺនដុល្លារអាមេរិក។ លោកអភិបាលខេត្តបានបញ្ជាក់ថា ឧបដ្ឋានសាលា ដែលត្រូវសាងសង់នាពេលនេះ គឺសម្រាប់ជាប្រយោជន៍ដល់ពុទ្ធបរិស័ទ ជួបជុំគ្នាធ្វើបុណ្យ ដាក់ទានប្រកបដោយផាសុខភាព និងជាប្រយោជន៍សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកសិក្សាស្រាវជ្រាវ និងទស្សនាផងដែរ។ លោកអភិបាលខេត្តមានបន្តថា ប្រការដែលថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិងប្រជាពុទ្ធបរិស័ទដែលបានចូលរួមមកធ្វើពិធីបុណ្យកឋិនសាមគ្គីនាពេលនេះ គឺប្រកបដោយទឹកមុខសប្បាយរីករាយប្រកបដោយសទ្ធាជ្រះថ្លា ទៅលើព្រះពុទ្ធសាសនា និងនាំមកនូវការរីកចម្រើនរុងរឿងទៅមុខជានិរន្តរ៍ ស្របពេលជាមួយប្រទេសជាតិយើង មានសុខសន្តិភាព ពោលគឺសុខសន្តិភាពមានដល់ពេលណា ការជួបជុំ ការសប្បាយរីករាយ និងការអភិវឌ្ឍ ក៏មានដល់ពេលនោះដែរ៕