(រតនគិរី)៖ លោក​ ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្ត នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២៣) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ស្ថិតនៅបរិវេណស្តូបមិត្តភាពកម្ពុជា-វៀតណាមក្រុងបានលុង។

ពិធីនេះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបតិ្តការសឹករងខេត្ត  មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត,លោក-លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុងទាំង៩ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមយុវជនកាយរិទ្ធចូលរួមជាច្រើនរយនាក់។

សូមបញ្ជាក់ថា ទិវាប្រកបដោយអត្ថន័យនេះគឺជាការរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីការរំដោះប្រទេសឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ និងសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រជាពលរដ្ឋកំពុងទទួលបាននូវផ្លែផ្កាពីសុខសន្តិភាព​ ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាមួយនិងការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ រួមទាំងសន្តិសុខ​ សណ្ដាប់ធ្នាប់ល្អក្នុងសង្គម។ 

ក្នុងអង្គពិធីទាំងមូលបានសម្ដែងនូវកត្តញ្ញុតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះវររាជបិតាឯករាជជាតិ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សរជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរមកដល់សព្វថ្ងៃ៕