(កណ្តាល)៖ សិស្សានុសិស្សដែលត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មកពីវិទ្យាល័យចំនួន២ ក្នុងស្រុកលើកដែក ខេត្តកណ្តាល២៦៦នាក់ បានទទួលប្រាក់ឧបត្ថម្ភពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក មុនពេលដែលពួកគេត្រូវប្រឡង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។
ការឧបត្ថម្ភនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហេង រតនា បានចុះជួបសំណេះសំណាលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលត្រូវប្រឡងបាក់ឌុប នៅស្រុកលើកដែក នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ។ ការឧបត្ថម្ភនោះ សិស្សទាំង២៦៦នាក់ ម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀល រីឯលោកគ្រូ អ្នកគ្រូ ព្រមទាំងនាយកសាលា ចំនួន៤១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៦ម៉ឺនរៀល។
ក្នុងឱកាសនោះផងដែរ លោក ហេង រតនា បានផ្តាំផ្ញើឲ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំព្យាយាមរំលឹកមេរៀន ដែលគ្រូៗបានបង្រៀងរយៈពេល១ឆ្នាំកន្លងមក និងថែរក្សាសុខភាព ដើម្បីធ្វើយ៉ាងណាប្រឡងឲ្យជាប់ និងឈានជើងទៅសិក្សាបន្តនៅមហាវិទ្យាល័យ។
លើសពីនេះទៅទៀត លោកបានក្រើនរំលឹកឲ្យសិស្សទាំងអស់ត្រូវគោរពវិន័យ និងបទបញ្ជាប្រឡងរបស់ក្រសួងអប់រំ មិនត្រូវយកឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារ ចូលមណ្ឌលប្រឡងនោះទេ ព្រោះបើអនុរក្សចាប់បានប្អូនៗ នឹងត្រូវធ្លាក់ដោយស្វ័យប្រវតិ្ត។
ជាពិសេសជាងនេះ លោកបានជម្រាបជូនដល់សិស្សានុសិស្សទាំងអស់ អំពើដំណឹងល្អមួយ ដោយលោក ស៊ិន ខ័ណ្ឌី ប្រធានគណៈពង្រឹងឃុំព្រែកទម្លាប់ បានសន្យាផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់សិស្សប្រឡងជាប់បាក់ឌុបឆ្នាំនេះ ដូច្នេះសូមប្អូនៗ ក្មួយៗ ត្រូវខិតខំយកឲ្យបាន។
លោក ហេង រតនា ក៏បានជូនពរឲ្យសិស្សានុសិស្សទាំង២៦៦នាក់ ទទួលបានជោគជ័យ ក្នុងពេលប្រឡងខាងមុខនេះ។
សូមជម្រាបថា ការប្រឡងបាក់ឌុប នឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានបេក្ខជនចូលរួមប្រឡងទាំងអស់ប្រមាណ ៩ម៉ឺននាក់៕