(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការសូមយាងរបស់លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។
គណៈប្រតិភូដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងរួមមាន លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី ខែក កែមាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសចិន, លោក ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជានាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ, លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង, លោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ព្រមទាំងឥស្សរជន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យ ឯករាជ្យជាតិ។
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងមានព្រះរាជសវនាការជាមួយលោក Emmanuel MACRON នៅវិមានប្រធានាធិបតី Palais de l'Élysée នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣៕