(ព្រះសីហនុ)៖ លោក វង្ស ណាផាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត បានដង្ហែបុណ្យកឋិនទានសាមគ្គីឆ្ពោះទៅកាន់វត្តគិរីជលសាកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

កម្មវិធីបុណ្យអង្គកឋិនទាននេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

អង្គកឋិនទាននេះដែរប្រមូលបច្ច័យបានជាង៥០ម៉ឺនដុល្លារ ប្រគេនថ្វាយព្រះសម្រាប់កសាងសមិទ្ធផលក្នុងវត្តបន្តទៀត។

បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ បើទីអារាមណាមិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនចំណុះជើងវត្តដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងមក រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំដង្ហែអង្គកឋិនទានចូលវត្តគិរីជលសាកោះរ៉ុងម្តងរួចមកហើយ ដើម្បីកសាងសមិទ្ធផលព្រះវិហារ ហើយថ្ងៃនេះ ឆ្នាំនេះ និងឆ្នាំក្រោយនៅទីនេះមានព្រះវិហារឲមួយសម្រាប់ពុទ្ធបរិសុទ្ធគោរពបូជាតាមបែបព្រះពុទ្ធសាសនា និងជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរមកកាន់តំបន់កោះ៕