(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតឱកាសអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១៤ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងឱកាសអបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សូមផ្ដល់ជាអនុសាសន៍ និងគំនិតផ្ដួចផ្ដើមសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទី១៖ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបន្តយកចិត្តទុកដាក់ ក្នុងការសម្របសម្រួល និងសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឱ្យស្ថានភាពអនាម័យជនបទ កាន់តែប្រសើរឡើងបន្ថែមទៀត។

ទី២៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវបន្តការចូលរួមឱ្យបានសកម្មថែមទៀត និងគ្រប់រូបភាព ធ្វើយ៉ាងណាពន្លឿនអត្រាគ្របដណ្ដប់អនាម័យជនបទ ឱ្យមានភាពប្រសើរឡើង និងឈានទៅសម្រេចតាមគោលដៅកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨។

ទី៣៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមទៀត ពីដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាវិស័យឯកជន ក្នុងការចូលរួមការងារលើកកម្ពស់អនាម័យជនបទ។

ទី៤៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រាគ្របដណ្ដប់ អនាម័យជនបទឱ្យបានច្បាស់លាស់ និងទុកចិត្តបាន ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។

ទី៥៖ បន្តជំរុញលើកទឹកចិត្ត និងគាំទ្រខេត្តក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលមានអតអនាម័យខ្ពស់ ឱ្យសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

ទី៦៖ ត្រូវបន្តការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងបន្ថែមទៀត ចំពោះក្រុមងាយរងគ្រោះជនក្រីក្រ ជនជាតិដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម។

ទី៧៖ បន្តខិតខំជំរុញ និងគាំទ្រតាមគ្រប់រូបភាព ដល់បណ្ដាខេត្តក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមានអត្រាគ្របដណ្ដប់ទាប ឱ្យទទួលបានអត្រាអនាម័យ កាន់តែប្រសើរឡើង និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

ទី៨៖ បន្តលើកកម្ពស់ការលាងសម្អាតដៃនឹងសាប៊ូ នៅក្នុងសហគមន៍តាមសាលារៀន និងស្ថាប័នសាធារណៈទាំងអស់ តាមរយៈការអប់រំ និងបង្កើតកន្លែងលាងសម្អាតដៃ។

ទី៩៖ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការយល់ដឹង និងប្រតិបត្តិអនាម័យនៅពេលស្តីនិងកុមារីអាយុពេញវ័យមានរដូវ ដោយត្រូវមានយន្តការអប់រំក្នុងសហគមន៍ និងសាលារៀន ក្នុងគោលដៅផ្លាស់ប្តូរឥរិយាបថនៃការគ្រប់គ្រងអនាម័យ ពេលមានរដូវឱ្យកាន់តែប្រសើរឡើង។

ទី១០៖ ត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានសេវា និងគោលការណ៍ណែនាំផ្សេងៗ ក្នុងការគ្រប់គ្រងកាកសំណល់លាមកឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស។

សម្តេចបានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ដើម្បីជាសារក្រើនរំលឹកដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យយល់ដឹងអំពីសារៈសំខាន់ និងចូលរួមធ្វើឱ្យប្រសើរឡើង នូវស្ថានភាពអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចតាមគោលដៅកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក្នុងការបន្តជំរុញការអនុវត្តផែនការ សកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចអត្រាគ្របដណ្តប់៩០% នៅឆ្នាំ២០២៣ និង ១០០% នៅឆ្នាំ២០៣០ សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈមក្នុងតំបន់ និងវិសមភាពនៃការទទួលបានសេវា។

រយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ អត្រាកំណើននៃការទទួលបានសេវាអនាម័យ មានការកើនឡើងយ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់ ដោយអត្រាកំណើនជាមធ្យមប្រមាណ៥% ក្នុងមួយឆ្នាំ ហើយត្រូវបានទទួលស្គាល់ជាសកលថា ជាប្រទេសនាំមុខគេ ក្នុងការពន្លឿនអត្រាគ្របដណ្ដប់អនាម័យ និងការកាត់បន្ថយការបន្ទោបង់ពាសវាល ពាសកាលក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោក។

នាពេលបច្ចុប្បន្ននេះ អត្រាគ្របដណ្តប់អនាម័យជនបទ នៅព្រះរាជាណាចក្រកម្ពុជា បានកើនដល់ប្រមាណ៨៥%។ លើសពីនេះខេត្តចំនួន ៦ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។ ជាមួយគ្នានេះដែរ មានភូមិចំនួន ៧ ៣៩៧ ឃុំចំនួន ៦៥៤ ស្រុក ចំនួន៥៩ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

វឌ្ឍនភាពគួរជាទីមោទនៈនេះ គឺកើតឡើងពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ការចូលរួមសហការយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងការចូលរួមសហការយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបានឆ្លុះបញ្ចាំង អំពីកម្រិតយល់ដឹងរបស់ ប្រជាជនអំពីសារៈសំខាន់ នៃការប្រតិបត្តិអនាម័យផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ នៅតំបន់ជនបទ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មការងារលើកកម្ពស់អនាម័យជនបទ នាពេលកន្លងមក។ ជាមួយគ្នានេះ សម្តេចសូមលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត៕