(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព ក្រសួងសុខាភិបាល បញ្ជាក់ថាបច្ចុប្បន្នជំងឺមិនឆ្លងកំពុងជាបញ្ហាប្រឈមក្នុងសុខភាពសាធារណៈ ដែលក្រសួងសុខាភិបាលកំពុងយកចិត្ដទុកដាក់ មានវិធានការអន្ដរគមន៍ ក្នុងការបង្ការ កាត់បន្ថយ និងទប់ស្កាត់ ក្នុងគោលដៅជួយលើកកម្ពស់សុខភាពប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូទៅ។

លោកវេជ្ជបណ្ឌិតបានបន្ដថា ជំងឺមិនឆ្លងចំនួន៤ ដែលក្រសួងសុខាភិបាលកំពុងធ្វើកិច្ចអន្ដរាគមន៍ក្នុងចំណោមប្រជាពលរដ្ឋ រួមមានជំងឺសរសៃឈាមបេះដូង /លើសសម្ពាធឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺសួតរុំារៃ។

«ជំងឺទាំងបួននេះ បានបង្កឱ្យមានការស្លាប់ចំនួន ៦៤% នៅកម្ពុជា ហើយតួរលេខនេះ ត្រូវបានព្យាករណ៍ថានឹងបន្ដកើនឡើងទៀត ប្រសិនមិនមានវិធានការការពារ បង្ការទប់ស្កាត់ ដូចជាការមិនផ្លាស់ប្ដូររបៀបរស់នៅ អាកប្បកិរិយា ចេញពីយើងទាំងអស់គ្នា និងបុគ្គលម្នាក់ៗ។ ដូច្នេះខ្ញុំសូមជំរុញគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ចាត់ទុកជំងឺមិនឆ្លងជាអាទិភាពចម្បងមួយ និងធ្វើការរួមគ្នាអនុវត្ដសកម្មភាពកាត់បន្ថយបន្ទុកជំងឺមិនឆ្លងដែលអាចការពារបាន»។

លោកបានថ្លែងក្នុងឱកាសប្រារព្ធទិវាទឹកនោមផ្អែមពិភពលោក នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះទៀតថា កត្ដាហានិភ័យរួមដែលបណ្ដាលឱ្យកើតមានជំងឺមិនឆ្លងចម្បងទាំងបួននេះ គឺ ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ របបអាហារដែលគ្មានផាសុកភាព និងកង្វះកាយវប្បកម្ម។

ជំងឺមិនឆ្លងបានកំពុងបង្ករការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ គ្រួសារ និងការសម្រេចនូវគោលដៅអភិវឌ្ឍសហសវត្សកម្ពុជា ដោយសារការចំណាយច្រើនលើការព្យាបាល ពិការភាព និងបាត់បង់កម្លាំងពលកម្ម ដែលជាកត្ដាជំរុញឱ្យមានភាពក្រីក្រី។ ជំងឺមិនឆ្លង អាចបង្ការបានរហូតដល់ទៅដល់ ៨០% តាមរយៈការបង្ការ និងការពារ ដោយគ្រាន់តែយើងរួមគ្នាដោះស្រាយកត្ដាហានិភ័យរួមចំនួន៤ធំៗ គឺ ឈប់ប្រើប្រាស់ថ្នាំជក់ ឈប់ទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ របបអាហារដែលមិនមានផាសុកភាព (កាត់បន្ថយអំបិល ស្ករ ខ្លាញ់ ក្នុងចំណីអាហារទទួលទានប្រចាំថ្ងៃ)។ និងការអនុវត្ដកាយវិប្បកម្មឱ្យបានត្រឹមត្រូវជាប្រចាំ (ដូចជាការការហាត់កីឡា ឬដើរយ៉ាងតិច ៣០នាទី ក្នុងមួយថ្ងៃ)។

លោកបន្តថា ការបង្ការ និងការពារជំងឺមិនឆ្លង គឺមិនអាចអនុវត្ដប្រកបដោយជោគជ័យ តាមរយៈក្រសួងសុខាភិបាលតែឯងបានទេ គឺចាំបាច់មានការចូលរួមពីគ្រប់ភាគីទាំងអស់។

ដូចនេះពិធីយុទ្ធនាការនៅថ្ងៃនេះ គឺជាសក្ខីភាពនៃកិច្ចសហការ ឆ្លើយតបទៅនឹងសកម្មភាពប្រយុទ្ធទៅនឹងជំងឺមិនឆ្លង តាមរយៈកិច្ចសហប្រតិបត្ដិការរវាងក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ និងដៃគូអភិវឌ្ឍន៍ដែលមាន លោកស្រីវេជ្ជបណ្ឌិត លី អ៊ីយ៊ុនហ៊ី (Eunhee Lee) អគ្គលេខាធិការនៃសមាគមលើកកម្ពស់សុខភាពកូរ៉េ (KAHP) លោកស្រីវេជ្ជបណ្ឌិត ស៊ិន ជុងយ៉ឺន នាយករងប្រតិបត្ដិអង្គការ KOICA ប្រចាំកម្ពុជា លោកស្រី Hwang Oknam នាយកគម្រោង និងជាប្រធានសមាគមកូរ៉េលើកកម្ពស់សុខភាព ក្នុងការអនុវត្ដគម្រោងពិនិត្យតាមដាន អប់រំសុខភាព ដោយប្រើប្រាស់កម្មវិធីឌីជីថល mHealth ដែលមានគោលដៅជួយលើកកម្ពស់សុខភាព និងគុណភាពជីវិត នៃអ្នកជំងឺដែលកំពុងកើតជំងឺលើសសម្ពាធឈាមទឹកនោមផ្អែម ក្នុងស្រុកប្រតិបត្ដិព្រែកព្នៅ រាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិតបន្ថែមថា ការធ្វើរោគវិនិច្ឆ័យដំបូងនៃជំងឺមិនឆ្លង គឺមានសារៈសំខាន់សម្រាប់ការព្យាបាលសមស្រប។ ការចូលរួមយ៉ាងសកម្មភាពក្នុងការពិនិត្យជំងឺមិនឆ្លងដែលធ្វើឡើងដោយសមាគមកូរ៉េលើកកម្ពស់សុខភាព នៅមន្ទីរពេទ្យព្រែកព្នៅ នៅស្រុកប្រតិបត្ដិព្រែកព្នៅ គោករការ ដែលបានអនុវត្ដកន្លងមក មានការស្វែងរកអ្នកជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម យកមកព្យាបាលទាន់ពេល អប់រំ ផ្ដល់ដំបូន្មានផ្សព្វផ្សាយទូលំទូលាយ នឹងជួយដល់ការថែទាំព្យាបាល បង្ការ ទប់ស្កាត់ ការកើតមាន បន្ថយសម្រាលបន្ទុកនៃជំងឺមិនឆ្លង ក្នុងតំបន់គោលដៅ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា សកម្មភាពរបស់សមាគមកូរ៉េលើកកម្ពស់សុខភាព រយៈពេលជិត២ឆ្នាំ និងដោយការជួយជ្រោមជ្រែងពី KOICA មិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងអំពីស្ថានភាពជំងឺមិនឆ្លង របស់អ្នកសង្កាត់ព្រែកព្នៅប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានធ្វើឱ្យប្រសើរឡើងនូវទម្លាប់នៃការរស់នៅរបស់អ្នកស្រុកផងដែរ។

ក្នុងឱកាសនោះលោកស្រីអគ្គលេខាធិការនៃសមាគមលើកកម្ពស់សុខភាពកូរ៉េ បានថ្លែងថា KAHP គឺជាស្ថាប័នពិនិត្យសុខភាពដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសកូរ៉េខាងត្បួង ដែលផ្ដល់សេវាកម្មល្អបំផុតដោយឆ្លើយតបទៅនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃទីផ្សាវេជ្ជសាស្ដ្រតាមរយៈការណែនាំនូវបច្ចេកវិទ្យាវិទ្យាសាស្ដ្រកម្រិតខ្ពស់ និងសេវាកម្មថែទាំសុខភាពឌីជីថល។ ជាពិសេសក្នុងនាមជាសមាជិកផ្លូវការនៃមន្ទីរពេទ្យអង្គការសុខភាពពិភពលោក (WHO), KAHP បានចូលរួមយ៉ាងសកម្មក្នុងគម្រោងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ ដែលពាក់ព័ន្ធនឹងការបង្ការជំងឺទាំងមិនឆ្លង និងឆ្លងនៅក្នុងប្រទេសចំនួន ១១ ក្នុងរយៈពេល៣០ឆ្នំាចុងក្រោយនេះ ចាប់តាំងពីឆ្នាំ១៩៩៥។

លោកស្រីវេជ្ជបណ្ឌិត​បានបន្ដថា​ «យើងនឹងខិតខំបន្ដ និងសង្ឃឹមថាយុទ្ធនាការនេះ នឹងនាំឱ្យមានជីវិត​ពលរដ្ឋកាន់តែមានសុខភាពល្អ និងផ្ដល់ឱកាសដល់អ្នកចូលរួមទាំងអស់ក្នុងការអនុវត្ដរបៀបរស់នៅដែលមានសុខភាពល្អ»។

លោកស្រីវេជ្ជបណ្ឌិត ស៊ិន ជុងយ៉ឺន បានគូសបញ្ជាក់ផងដែរថា ស្របតាមយុទ្ធសាស្ដ្រ ៥យ៉ាង របស់រាជរដ្ឋាភិបាលកម្ពុជា ការិយាល័យ KOICA ប្រចាំកម្ពុជា នឹងខិតខំជួយដល់ប្រជាជនកម្ពុជាទាំងអស់ ឱ្យរស់នៅមានសុខភាពល្អជាងមុនដោយធ្វើឱ្យប្រសើរឡើងនូវកន្លែងថែទាំសុខភាពសាធារណៈ ពង្រឹងសមត្ថភាពសេវាថែទាំ សុខភាព និងគាំទ្រដល់មូលនិធិសមធម៌សុខាភិបាល៕