(សៀមរាប)៖ វត្តស្វាយរមៀត សហការជាមួយអាជ្ញាធរពាក់ព័ន្ធរៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅបារាយណ៍ទឹកថ្លា ដើម្បីអបអរសាទរបុណ្យកឋិនទានសាមគ្គី និងរំឭកដល់ប្រជាពលរដ្ឋឱ្យចេះថែរក្សា ការពារទឹកដី និងឱ្យចេះស្រឡាញ់គោរពព្រះធរណីគង្គា និងទឹកដី ព្រមទាំងឲ្យចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតល្អ។

ព្រះសច្ចានុបាល នឿម វុទ្ធី ចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្រុងសៀមរាប មានសង្ឃដីកាថា ពិធីប្រណាំងទូកប្រពៃណីនេះ រៀបចំឡើងចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ និងមានទូកចូលរួមប្រណាំងចំនួន១៧គូ ក្នុងនោះដែរមានទូកនារីចំនួន៣ទូក ហើយក្នុងទូកមួយមានកីឡាករ៦នាក់ ក្នុងនោះក៏មានកីឡាករប្រណាំងចានដែកចំនួន១០គូ ស្មើនឹង២០នាក់ផងដែរ។ សរុបកីឡាករ និងការិនីទាំងអស់មានចំនួន២៣៦រូប។

ព្រះសច្ចានុបាល នឿម វុទ្ធី មានសង្ឃដីកាទៀតថា ពិធីនេះប្រកបដោយភាពមហោឡារិកនាពេលនេះ ក៏មានអមដោយពិធីបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលមានជាប់ទាក់ទងនឹងព្រះពុទ្ធសាសនា គឺដើម្បីគោរពបូជាចំពោះព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធនៅភុជង្គនាគផង និងដើម្បីរំឭកដល់ទន្សាយព្រះពោធិសត្វសសបណ្ឌិតផងដែរ។

ព្រះសច្ចានុបាល នឿម វុទ្ធី បានបញ្ជាក់ថា ការប្រារព្ធពិធីនេះនឹងពិធីនានារបស់ខ្មែរ សុទ្ធតែបញ្ជាក់ពីការដឹងគុណបុព្វបុរសដែលពូជខ្មែរអ្នកសាងអង្គរ និងជាវប្បធម៌ដ៏ថ្លៃថ្លៃរបស់ខ្មែរ។

លោក ស៊ន់ ចំណាន ស្នងការរងនៃស្នងការដ្ឋានខេត្ដសៀមរាប បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំងក្នុងការថែរក្សានូវវប្បធម៌ប្រពៃណីជាតិ។ ជាក់ស្ដែង ការអភិរក្សថែរក្សាព្រះរាជពិធីបុណ្យអុំទូកនេះ ព្រមទាំងថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ បេតិកភណ្ឌវប្បធម៌ជាតិប្រកបដោយចិរភាព ធ្វើយ៉ាងណារក្សានូវតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស ស្របតាមទស្សនទាន «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស» សំដៅទាញយកប្រយោជន៍សមស្របសម្រាប់ការអភិវឌ្ឍប្រទេស និងផ្ទេរមត៌កដ៏មានតម្លៃនេះ ទៅដល់កូនចៅជំនាន់ ឮក្រោយៗទៀត។

លោក ស៊ន់ ចំណាន ក៏បានកោតសរសើរឮថ្លែងអំណរគុណចំពោះព្រះចៅអធិការ និងគណៈកម្មការគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំរៀបចំពិធីនេះឡើង ដែលជាការរួមគ្នាបន្តថែរក្សានូវវប្បធម៌ទំនៀមទម្លាប់ដ៏ល្អរបស់យើងឱ្យបានស្ថិតស្ថេរគង់វង្ស ព្រមទាំងបានផ្តល់ភាពសប្បាយរីករាយយ៉ាងក្រៃលែងដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះ ក៏ដូចជាប្រជាពលរដ្ឋដែលអញ្ជើញមកពីទីឆ្ងាយ បានមកបំពេញបុណ្យកុសលផង និងបានទស្សនាពិធីដ៏រីករាយផងដែរ៕