(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូជួបសំណេះសំណាលពង្រឹងសម្ព័ន្ធមេត្រីភាពជាមួយឧត្តមសេនីយ៍ទោ ស៉ីសានុផុន រូដស៉ីរី មេបញ្ជាការមជ្ឈមណ្ឌលប្រតិបត្តិការកងទ័ពភូមិភាគទី១ នៅស្ពានមិត្តភាពថៃ-កម្ពុជា ភូមិស្ទឹងបត់-ណងអៀន។

ឧត្តមសេនីយ៍ឯក ឯក សំអូន មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានការទទួលស្វាគមន៍ បដិសណ្ឋារកិច្ចពីប្រតិភូលោក មេបញ្ជាការមជ្ឈមណ្ឌលប្រតិបត្តិការ កងទ័ពភូមិភាគទី១ ដែលបានជួបសម្ដែងការគួរសម និងពិភាក្សាការងាររាជការរវាងថ្នាក់ដឹកនាំរបស់កងកម្លាំង យោធភូមិភាគទី៥ ជាមួយថ្នាក់ដឹកនាំ មជ្ឈមណ្ឌលប្រតិបត្តិការកងទ័ពភូមិភាគទី១ នាឱកាសនេះ។

ការពង្រឹងសម្ពន្ធមេត្រីនេះ គឺជាការចូលរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនៃភាគីទាំងពីរ ដែលមានភូមិផងរបងជាមួយគ្នា។

កន្លងមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែបានរួមសហការគ្នាជាបន្តបន្ទាប់រហូតមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសជួយសម្រួលដល់ប្រជាជនដែលរស់នៅតាមបណ្ដោយព្រំដែននៃភាគីទាំងពីរប្រកបដោយភាពសុខសាន្ត៕