(ភ្នំពេញ)៖ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ បានថ្លែងឱ្យដឹងថា ទោះបីមានការលំបាក មានសម្ពាធមិនល្អ និងពិបាកឆ្លងកាត់ឧបស័គ្គ នានាមួយចំនួន ដែលជះឥទ្ធិពលពីខាងក្រៅ តែទេសចរណ៍កម្ពុជានៅតែរក្សាកំណើន និងបន្តកើនឡើងទៅមុខ ក៏ដោយសារតែកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយល្អប្រសើរ។
ការលើកឡើងបែបនេះរបស់ លោក ទិត ចន្ថា ត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្ដីពី សេចក្ដីព្រាងស្ដង់ដារសហគមន៍ទេសចរណ៍កម្ពុជា នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពជា-ជប៉ុន (CJCC) ដែលមានមន្រ្តីរាជាការ និងសិក្ខាកាមចូលរួម ប្រមាណ១០០នាក់។
ក្នុងឱកាសនេះដែរ លោករដ្ឋលេខាធិការ បានឱ្យដឹងថា «មកដល់ពេលនេះ ស្ថានភាពវិស័យទេសចរណ៍កម្ពុជា នៅតែមានភាពល្អប្រសើរ និងបន្តការកើនឡើងទៅមុខ ទោះបីថាវាមានការលំបាក ទោះបីថាវាមានសម្ពាធ ពិបាកក្នុងការឆ្លងកាត់ឧបស័គ្គនានាមួយចំនួន ដែលជាកត្តាជះឥទ្ធិពលពីខាងក្រៅ មកលើវិស័យទេសចរណ៍កម្ពុជា តែទេសចរណ៍កម្ពុជានៅតែរក្សាកំណើន ប្រមាណជាង៣ភាគរយ នៅ៦ខែដើមឆ្នាំ២០១៦នេះ»។
លោក ទិត ចន្ថា បានបន្តថា ក្នុងឆ្នាំ២០១៦នេះ កម្ពុជានឹងទទួលបានកំណើនទេសចរ ប្រមាណ៤ភាគរយទៀត ហើយនេះមិនមែនជាការធ្លាក់ចុះនៃវិស័យទេសចរណ៍ទេ គឺគ្រាន់តែមានការថយកំណើនបន្តិច បើធៀបនឹងឆ្នាំមុន ដែលកត្តាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងពង្រឹង និងរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ បានយ៉ាងរឹងមាំ ដោយបានទប់ទល់ពីការជះឥទ្ធិពលពីខាងក្រៅ ដែលហ៊ុមព័ទ្ធដោយបញ្ហាភេរវកម្ម អសន្តិសុខជាច្រើន ទាំងនៅក្នុងតំបន់ និងប្រទេសជិតខាង តួយ៉ាងដូចជាការផ្ទុះគ្រាប់បែកនៅប្រទេសថៃ។ ម្យ៉ាងទៀត កម្ពុជាក៏ជាគោលដៅទេចរណ៍ធំជាងគេក្នុងពិភពលោក ជាប់លេខ១នៅអាស៊ី លេខ២នៅទូទៅពិភពលោក៕