(នូវែលសេឡង់)៖ ស្ថានទូតកម្ពុជាប្រចាំអូស្ត្រាលី និងនូវែលសេឡង់ បានរៀបចំពិធីបំពាក់មេដាយជូនពលរដ្ឋដែលមានស្នាដៃចំពោះសហគមខ្មែរ និងពិធីពិសាអាហារសាមគ្គីមហាគ្រួសារខ្មែរ ក្នុងឱកាសខួបលើកទី៧០ទិវាបុណ្យឯករាជ្យជាតិ (១៩៥៣-២០២៣) នៅទីក្រុងហាមិនតុន និងទីក្រុងអូក្លិន ប្រទេសនូវែលសេឡង់។

ការជួបជុំនេះរៀបចំឡើងក្រោមអធិបតីភាពលោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។

ពិធីនេះរៀបចំឡើងរយៈពេល ២ថ្ងៃនៅទីតាំង២ផ្សេងគ្នា៖ ដោយកម្មវិធីទី១ ធ្វើឡើងនៅទីក្រុងអូក្លិន ប្រទេសណូវ៉ែលហ្សេឡង់ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមពីលោក លឹម វ៉ាន់ និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងអូក្លិន ប្រទេសណូវ៉ែលហ្សេឡង់ចំនួន ២១០នាក់ និងកម្មវិធីទី២ នៅទីក្រុងហាមិនតុន ប្រទេសនូវែលសេឡង់ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក តឹក ឃាង ក្នុងនោះក៏មានការចូលរួមពីប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងហាមិលតុនប្រមាណជិត៣០០នាក់ទៀតដែរ។

លោកឯកអគ្គរាជទូត ជឺនបូរាណ ច័ន្ទបូរី បានបញ្ជាក់ថា កម្មវិធីនេះជាកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារខ្មែរ ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងកម្មវិធីអបអរសាទរការបំពាក់មេដាយជូនដល់ពលរដ្ឋខ្មែរដែលមានស្នាដៃ និងការលះបង់ដ៏ធំធេងជួយដល់សង្គម ក៏ដូចជាជួយដល់សហគមន៍ខ្មែរ៕