(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំប្រណាំងទូក ដើម្បីចូលរួមអបអរសារទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នៅក្រោយសាកលវិទ្យាល័យមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលមានការចូលរួមទស្សនាកម្សាន្តពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ពិធីប្រណាំងទូកនេះបានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទូកងចំនួន២៨ទូកមកពីបណ្តាវត្តនានាក្នុងស្រុក ក្រុងរបស់ខេត្ត ក្រោមអធិបតីភាពលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី។

លោក អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនេះ ធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយរំសាយការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត ក៏ដូចជាមកពីបណ្តាខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅថ្ងៃទី២៧ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិ ដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយបានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឱ្យ និងឱ្យថែរក្សាបានគង់វង្សទៀតផង។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ពិធីប្រណាំងទូកនេះគឺជាការឧទ្ទិសដល់វីរកងទ័ពជើងទឹកនៃកុលបុត្រខ្មែរជំនាន់ដើម ក្នុងការវាយយកទឹកដីមហានគរពីការឈ្លានពានរបស់សត្រូវ។ ពិធីនេះក៏ឧទ្ទិសដល់គុណព្រះធរណី និងព្រះគង្គា ដែលបានដឹកនាំដីល្បាប់ដ៏មានជីវជាតិមកស្រោចស្រពលើផ្ទៃដីឱ្យផលដំណាំប្រជាកសិករទទួលផលល្អប្រសើរសម្រាប់ជីវភាព ប្រកបដោយភាពសុខក្សេមក្សាន្ត។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹកដល់ចំណុះទូកទាំងអស់ត្រូវគោរពនូវវិន័យការប្រកួតត្រូវចេះសាមគ្គីគ្នា ត្រូវបង្ហាញទឹកចិត្តជាកីឡាប្រឹងប្រែងក្នុងប្រកួតដណ្តើមយកជ័យជម្នះ ដើម្បីសម្រាប់វត្តមូលដ្ឋានរបស់ខ្លួន។

លោក អ៊ុំ រាត្រី ក៏បានអំពាវនាវទៅកាន់ដល់ស្រទាប់មហាជនទាំងអស់ ពិសេសយុវជនត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមមេត្តាបន្តការចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក។

អភិបាលខេត្តបន្ទាយមានជ័យឱ្យដឹងទៀតថា ដោយឡែកនៅពេលរាត្រីក៏មានការប្រគំតន្ត្រីកម្សាន្តសប្បាយ និងការតាំងពិព័រណ៍លក់ផលិតផលទូទៅភូមិមួយផលិតផលមួយ នៅបរិវេណសួនមានជ័យ កណ្តាលទីប្រជុំជនខេត្ត ការដាក់បណ្តែតប្រទីប អង្គភាពរដ្ឋ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក នៅស្ទឹងសិរីសោភ័ណ៕