(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងគោរមងារប្រគេន ព្រះមហាវិមលធម្ម ហ៊ូ ឈីវនាថ ព្រះរាជាគណៈថ្នាក់ទោ ឡើងជា «សម្តេចព្រះមង្គលមុនីរង្សី» គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា»។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នាថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៣។
សូមជម្រាបថា មុននឹងទទួលបានគោរមងារជា «សម្ដេចព្រះមង្គលមុនីរង្សី» ព្រះតេជគុណ ហ៊ូ ឈីវនាថ ជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាចាងវ៉ាងសាលាបាលីជាន់ខ្ពស់ (ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត) និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
គួររម្លឹកថា សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ គឺជាបញ្ញវន្តសង្ឃមួយអង្គ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសគ្រប់គ្រងទូទៅ នៅ Strayer University សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៤ កន្លងទៅនេះ។ សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ គឺជាព្រះសង្ឃខែ្មរ ដែលមានស្រុកកំណើត នៅស្រុកព្រៃកប្បាស ខេត្តតាកែវ៕