(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នាថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារចុះជួយ ស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកាគណបក្សស្រុកឱរ៉ាល់ និងថ្ពង នៅស្នាក់ការគណបក្សស្រុក ដើម្បីតាមដានវឌ្ឍនភាពការងារ និងស្តាប់នូវសំណូមពរ ក៏ដូចជាបញ្ហាប្រឈមដែលក្រុមការងារជួបប្រទះ។

នាឱកាសនោះ លោក ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការយ៉ាងសកម្មរបស់ក្រុមការងារចុះជួយស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកា ដែលបានរួមគ្នានាំមកនូវភាពជោគជ័យនាពេលកន្លងមក ជាពិសេសលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ លោក និងអង្គប្រជុំក៏បានស្តាប់ពីវឌ្ឍនភាពការងារ និងសមិទ្ធិផលនាពេលកន្លង សំណូមពរ ក៏ដូចជាបញ្ហាប្រឈម របស់ក្រុមការងារ និងគណៈកម្មាធិការស្រុក-ឃុំ ព្រមទាំងលើកទិសដៅ និងផែនការសកម្មភាពត្រៀមខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខផងដែរ។

ក្រោយពីស្តាប់របាយការណ៍លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ក្រុមការងារចុះជួយ ស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកា ដែលបានចំណាយពេលវេលាមកចូលរួមប្រជុំ និងចូលរួមផ្តល់មតិយោបល់ ចែករំលែកបទពិសោធន៍ មកកាន់អង្គប្រជុំ។

ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់សមាជិក សមាជិកា ឱ្យខិតខំប្រឹងប្រែងដោះស្រាយកិច្ចការបន្ត ដោយថែរក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង ទាំងទស្សនៈ និងគោលជំហររបស់គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ានី បានបញ្ចប់បេសសកម្មចុះជួបជាមួយមន្រ្តីគណបក្សនៅទូទាំង៩ ក្រុង ស្រុកទូទាំងខេត្តកំពង់ស្ពឺ ដើម្បីបន្តការងារដឹកនាំគណបក្សនាក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៕