(ភ្នំពេញ)៖ លោក សំ ប្រជាមានិត អគ្គលេខាធិការនៃឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម បានប្រាប់ឲ្យដឹងថា ក្រមសីលធម៌ គឺជាបទដ្ឋានគ្រឹះក្នុងការពង្រឹង ការទទួលខុសត្រូវក្នុងមុខងារជាចៅក្រម និងព្រះរាជ្ញា ដូច្នេះដើម្បីឲ្យសក្តិសម និងតួនាទី ភារកិច្ចស្វែងរកយុត្តិធម៌ ក្នុងសង្គម ចៅក្រម ព្រះរាជអាជ្ញា ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ របស់ខ្លួនដើម្បីទទួលបាននូវជំនឿទុកចិត្តពីសាធារណជន មកលើប្រព័ន្ធយុត្តិធម៌។
ការបញ្ជាក់របស់លោក សំ ប្រជាមានិត អគ្គលេខាធិការនៃឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម បានធ្វើឡើង ខណៈលោកបានចូលរួម នៅក្នុងសិក្ខាសាលាស្តីពីក្រមសីលធម៌ចៅក្រម ដែលរៀបចំឡើងនៅថ្ងៃទី១៨-១៩ ខែសីហា នៅរាជធានីភ្នំពេញ។
លោក សំ ប្រជាមានិត អះអាងឲ្យដឹងថា ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណងសិក្សាស្វែងយល់រួមគ្នាឡើងវិញ ដើម្បីបង្កើននូវប្រិសិទ្ធភាពនៃការអនុវត្តក្រមសីលធម៌ សម្របាប់ចៅក្រម និងព្រះរាជអាជ្ញា ឲ្យកាន់តែប្រសើរឡើងវិញ និងរួមចំណែករំលឹកឡើងវិញ ពីអ្វីដែលចៅក្រម ព្រះរាជអាជ្ញា ត្រូវចងចាំត្រូវប្រតិបត្តិ ការរៀបចំឥរិយាបថរបស់ខ្លួននៅក្នុង និងក្រៅតុលាការ ក្នុងក្របខណ្ឌវិជ្ជាជីវៈ ជាចៅក្រម និងព្រះរាជអាជ្ញា។
សិក្ខាសាលាស្តីពីក្រមសីលធម៌ចៅក្រម អគ្គលេខាធិកានៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមខាងលើនេះ មានការចូលរួមសហការពីការិយាល័យ ឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទកធិមនុស្សប្រចាំនៅកម្ពុជា។
លោក សំ ប្រជាមានិត បានបញ្ជាក់ឲ្យដឹងថា នៅក្នុងអង្គសិក្ខាសាលាខាងលើនេះ បានពិភាក្សាយ៉ាងផុសផុសទទួលបាននូវមតិល្អៗ ទាក់ទងនឹងក្រមសីលធម៌ការអនុវត្តជាក់ស្តែង ក្នុងវិជ្ជាជីវៈចៅក្រម ព្រះរាជអាជ្ញា។
លោក សំ ប្រជាមានិត សង្ឃឹមថា សិក្ខាសាលាលើកទី៤នេះ ក៏នឹងទទួលបានការបញ្ចេញមតិ យោបល់ បទពិសោធន៍របស់ចៅក្រម ព្រះរាជអាជ្ញា ដែលបានអនុវត្តក្នុងវិជ្ជាជីវៈកន្លងមក បញ្ហាលំបាកបញ្ហាប្រឈម និងកង្វះខាតផ្សេងៗ។
លោក សំ ប្រជាមានិតរំលឹកឲ្យដឹងថា សិក្ខាសាលាទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ លើកទី២ កាលពីថ្ងៃទី០៥-០៦ ខែឧសភា ឆ្នាំ២០១៦ នៅខេត្តសៀមរាប និងលើកទី៣ កាលពីថ្ងៃទី០២-០៣ ខែមិថុនា នៅខេត្តសៀមរាបផងដែរ និងលើកទី៤នេះ គឺរៀបចំធ្វើនៅថ្ងៃទី១៨-១៩ ខែសីហា នៅរាជធានីភ្នំពេញ។ គិតមកដល់ពេលនេះ សិក្ខាសាលាស្តីពី ក្រមសីលធម៌ចៅក្រម ដែលបានប្រព្រឹត្តទៅវគ្គកន្លងមក បានការចូលរួមពីចៅក្រម ព្រះរាជអាជ្ញា សរុបចំនួន៣២០នាក់៕