(ឧត្តរមានជ័យ)៖ លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចាប់ផ្តើមរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខសប្បាយ ពីអ្នកតាម្ចាស់ទឹក ម្ចាស់ដី ដើម្បីរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ នៅក្នុងថ្ងៃនេះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ មានខ្លឹមសារថា៖ «ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ រដ្ឋបាលខេត្ត បានរៀបចំពិធីប្រណាំងទូក «ង» រយះពេល២ថ្ងៃចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយក៏មានការដាក់តាំងលក់ផលិតផល កសិផល ក្នុងនិងក្រៅស្រុក គ្រឿងឧបភោគ បរិភោគ ជាច្រើនទៀត ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ខែវិច្ឆិកាផងដែរ។

បើតាមការឱ្យដឹងពីគណៈកម្មការប្រណាំងទូក «ង» បានឱ្យដឹងថា ពិធីអ៊ុំទូកនៅខេត្តឧត្តរមានជ័យឆ្នាំនេះ មានទូក «ង» ចំណុះ២២នាក់ចូលរួមប្រកួតចំនួន១៩ទូក ដែលជាទូករបស់រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព នានាជុំវិញខេត្ត។

សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាកំសាន្តពីធីប្រណាំងទូកនៅខេត្តឧត្តរមានជ័យ រយៈពេល២ថ្ងៃ ឱ្យបានច្រើនកុះករ៕