(ឥណ្ឌូនេស៊ី)៖ អ្នកសារព័ត៌មានរបស់កម្ពុជានិងឡាវ ចំនួន៧រូប មកពី៧ស្ថាប័ន ត្រូវបានអញ្ជើញទៅទស្សនកិច្ចឈ្វេងយល់ពីតំបន់ទេសចរណ៍នៅកោះស៊ូម៉ាត្រាខាងលិច ដើម្បីដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងតំបន់​ និងការពង្រឹងទំនាក់ទំនងវិស័យទេសចរណ៍រវាងគ្នាទៅវិញទៅមក។

អ្នកសារព័ត៌មានដែលបានចូលរួមក្នុងដំណើរ​ទស្សនកិច្ចស្វែងយល់ពីកោះស៊ូម៉ាត្រាខាងលិចនេះ ​រួមមាន បណ្តាញសារព័ត៌មាន Fresh News ,Cambodianess, ​​Sabay News និង Koh Santepheap Daily ​ព្រមទាំងសារព័ត៌មាន៣ទៀតមកឡាវ រួមមាន Vientiane Times, Champa Meuanglao និង Vientiane Mai។ ​

ដំណើរទស្សនកិច្ចសិក្សា​ស្វែងយល់ពីតំបន់ទេសចរណ៍នៅកោះស៊ូម៉ាត្រាខាងលិចបាន ធ្វើឡើងរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានឈ្វេងព័ត៌មានអំពីវប្បធម៌ និងប្រវត្តិសាស្ត្រតែមួយគត់នៃកោះស៊ូម៉ាត្រាខាងលិច ​​នៅក្នុងតំបន់​ជាច្រើន រួមមាន ទីក្រុងផាដាង(Padang), ទីក្រុង Sawahlunto, និងទីក្រុង​ Bukittinggi ដែលជាអតីតរដ្ឋធានីរបស់ឥណ្ឌូនេស៊ី ​ក៏ដូចជាភូមិទេសចរណ៍ Kubu Gadang ជាដើម។

ដំណើរទស្សនៈកិច្ច​របស់អ្នកសារព័ត៌មាន កម្ពុជា និងឡាវ ​ជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋបាលខេត្តស៊ូម៉ាត្រាខាងលិច និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុងភ្នំពេញ និងទីក្រុងវៀងច័ន្ទ។ ​​

លោក Asril ប្រធានផ្នែកទីផ្សារទេសចរណ៍​នៃកោះស៊ូម៉ាត្រាខាងលិច បានបង្ហាញការស្វាគមន៍ចំពោះការមកដល់នៃអ្នកសារព័ត៌មានរបស់កម្ពុជា និងឡាវ​ ហើយលោករំពឹងថា នឹងមានការផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់កោះស៊ូម៉ាត្រាខាងលិចទៅប្រជាជនខ្មែរ និងឡាវឱ្យកាន់តែទូលំទូលាយ​។

លោកបានឱ្យដឹងថា រយៈពេល៩ខែនេះ កោះស៊ូម៉ាត្រាខាងលិចទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៥៩០០០នាក់ ដែលភាគច្រើនមកពីប្រទេសម៉ាឡេស៊ី ដោយសារមានជើងហោះហើរត្រង់រវាងទីក្រុង Padang និងកូឡាឡាំពួរ ​ក៏ដូចជាមកពីប្រទេសអូស្រ្តាលី។ ​នៅពេលខាងមុខ លោកចង់ឃើញ​ភ្ញៀវទេសចរកម្ពុជាជាច្រើនមកទស្សនាខេត្តស៊ូម៉ាត្រាខាងលិច​។

លោកសង្ឃឹមថា នៅពេលខាងមុខ នឹងមានជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុង Padang នៃខេត្តកោះស៊ូម៉ាត្រាខាងលិច ដើម្បីទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសរវាងកម្ពុជា និងស៊ូម៉ាត្រា ឱ្យបានកាន់តែច្រើន​៕