(រតនគិរី)៖ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធអង្គកឋិនទាន ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តសិលាគិរីរុក្ខារាម ហៅវត្តភ្នំបេង ស្ថិតនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។

អង្គកឋិទានបានប្រារព្ធពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្ត និងការសម្តែងព្រះធម៌ទេសនានៅសាលាខេត្ត ល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ណាប់ ប៊ុនហេង និងលោកស្រី លោក ញ៉ែម សំអឿន និងលោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការជាច្រើនរូបទៀត។

លុះព្រឹកឡើងម្ចាស់ដើមបុណ្យកឋិន បានធ្វើពិធីដង្ហែអង្គកឋិនទាន ដោយមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យសរុបចំនួន ៧០,១៤៩,៦០០រៀល វេរប្រគេនព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធ សីមាវត្តសិលាគិរីរុក្ខារាមតាមប្រពៃណីព្រះពុទ្ធសាសនា។

សំណេះសំណាលជាមួយពុទ្ធបរិស័ទនាឱកាសនេះ លោក ញ៉ែម សំអឿន បានលើកឡើងថា បច្ចុប្បន្នដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេច ធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ មានឱកាសបានប្រព្រឹត្តធ្វើបុណ្យទៅតាម ទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនារៀងៗខ្លួន។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា «ដើម្បីធានាបានសុខសន្តិភាពឲ្យបានគង់វង្សជានិរន្តន៍ យើងទាំងអស់គ្នាត្រូវតែការពារសុខសន្តិភាពដែលមានស្រាប់ ហើយខិតខំអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន និងចូលរួមឲ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដោយលុបបំបាត់រាល់បទល្មើសនានាក្នុងមូលដ្ឋានអោយបានល្អប្រសើរ»

គួរបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃ ១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ បើទីអារាមណាមិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនចំណុះជើងវត្តដែរ៕