(ម៉ានីល)៖ បុរសខ្លាំងហ្វីលីពីនលោក Rodrigo Duterte បានព្រមានធ្ងន់ៗចំពោះការរិះគន់របស់អង្គការសហប្រជាជាតិ ដោយប្រធានាធិបតីរូបនេះបានហៅវាថា ជាការនិយាយបែប «ឆ្កួតឡប់» ដែលបានថ្កោលទោស សង្គ្រាមប្រឆាំង ឧក្រិដ្ឋនៅហ្វីលីពីន ថាបានបណ្តាលឲ្យមនុស្ស ១,០០០នាក់បាត់បង់ជីវិតនោះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦។
មិនត្រឹមតែការទាត់ចោលពាក្យរិះគន់របស់ស្ថាប័នសិទ្ធិមនុស្ស UN ខាងលើនេះទេ លោក Duterte នៅបានព្រមាន មិនឲ្យស្ថាប័ននេះលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហ្វីលីពីនថែមទៀត។ កាលពីខែមិថុនា នៅពេលដែលលោកត្រៀម ឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីននោះ លោក Duterte ធ្លាប់បានប្រកាសថា លោកនឹងសម្លាប់ឧក្រិដ្ឋជន រាប់ពាន់ទៅរាប់ម៉ឺននាក់ ហើយប្រតិបត្តិការប្រឆាំងក្រុម រត់ពន្ធគ្រឿងញៀន នឹងបន្តគ្មានថ្ងៃបញ្ឈប់នោះឡើយ បើទោះបីជាមានការ រិះគន់ពីអន្តរជាតិ និងសូម្បីតែលោក បាន គីមូន អគ្គលេខាធិការ UN ក៏ដោយ។
ថ្លែងនៅក្នុងពិធីប្រារព្ធខួបទី ១១៥ឆ្នាំ នៃការបង្កើតកងកម្លាំងប៉ូលិស នៅថ្ងៃពុធ លោក Duterte បានសង្កត់ធ្ងន់ដូច្នេះ ថា «ហេតុអ្វីបានជាអង្គការសហប្រជាជាតិ ងាយធ្វើការលូកដៃចូលកិច្ចផ្ទៃក្នុង របស់ហ្វីលីពីនម្ល៉េះ? មនុស្សទើបតែ ១,០០០នាក់ទេ ដែលត្រូវបានសម្លាប់! UN បានធ្វើការរិះគន់មួយប្រកបដោយភាពឆ្កួតលីលាណាស់! តើអ្វីទៅ ជាបញ្ហា? អ្នកកំពុងចាក់រុកនយោបាយ។ មនុស្សតែ ១,០០០នាក់ប៉ុណ្ណោះបានស្លាប់ តែអ្នកបែរជាដាក់ប្រទេសខ្ញុំ ទៅក្នុងគ្រោះថ្នាក់ ឬចោទថាជាកន្លែងគ្រោះថ្នាក់»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះលោក បាន គីមូន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានសម្តែងការព្រួយ បារម្ភខ្លាំងបំផុតមិនធ្លាប់មានចំពោះ ការសម្លាប់រង្គាលមនុស្ស ក្រៅប្រព័ន្ធតុលាការនៅហ្វីលីពីន។ លោក បាន ក៏បាន ថ្កោលទោសផងដែរចំពោះចំណាត់ការរបស់លោក Duterte ដែលបានអនុញ្ញាតឲ្យមានការសម្លាប់មនុស្សយ៉ាង កម្រោលដែលវាខុសទាំងស្រុង ទៅនឹងមូលដ្ឋានច្បាប់ និងសេរីភាពរបស់បុគ្គល។ តាមរបាយការណ៍ UN ចាប់តាំងពី លោក Duterte ឡើងកាន់តំណែងនាថ្ងៃទី៣០ ខែមិថុនាមក មនុស្ស១,០៥៤នាក់ហើយត្រូវបានសម្លាប់៕