(ភ្នំពេញ)៖ កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ក្រោមការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះបង្ក្រាបករណីសញ្ចារកម្មចំនួន៤ទីតាំង ដោយរកឃើញជនរងគ្រោះ១៥នាក់ និងឃាត់ជនសង្ស័យជាស្ត្រីចំនួន៣នាក់។

ប្រតិបត្តិការនេះ ជាការអនុវត្តទិសដៅទី៤ «ការជួញដូរមនុស្សគ្រប់ទម្រង់» ក្នុងចំណោមទិសដៅទាំង៦ ដែលដាក់ចេញដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រោមមគ្គទេសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាម​ព័ត៌មាន​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបទាំង៤នោះរួមមាន៖

*ទី១៖ ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយឆែកឆេររកឃើញជនរងគ្រោះ៥នាក់ (ស្រី៤នាក់) និងជនសង្ស័យម្នាក់(ស្រី)

*ទី២៖ ហាងម៉ាស្សា (៧៧៧) ផ្ទះគ្មានលេខ ផ្លូវ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៤នាក់ (ស្រី)។

*ទី៣៖ ហាងម៉ាស្សា (៩៩៩៩) ផ្ទះលេខ១១០០ ផ្លូវ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៣នាក់ (ស្រី) និងជនសង្ស័យម្នាក់ (ស្រី)។

*៤៖ ហាងម៉ាស្សាកោសជប់(៩៩៩៩) ផ្ទះលេខ០១ ផ្លូវ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៣នាក់ (ស្រី) និងជនសង្ស័យម្នាក់ (ស្រី)។

បច្ចុប្បន្ន ជនរងគ្រោះ និងជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានប្រគល់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចាត់នីតិវិធីបន្ត។

យោងតាមក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ មាត្រា២៨៤ បទសញ្ចារកម្ម គឺជាអំពើទី១៖ ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃ, ទី២៖ ជួញឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ, ទី៣៖ ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ, ទី៤៖ ធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។ មាត្រានេះកំណត់ផ្ដន្ទាទោសលើជនល្មើសដោយដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៤,០០០,០០០រៀល ទៅ១០,០០០,០០០រៀល។

អភិសន្តិបណ្ឌិត ស សុខា តែងតែផ្ញើសារតាមអង្គពិធីនានាជារឿយៗដល់មន្ត្រីនគរបាលជាតិគ្រប់ឋានានុក្រម បង្កើន​ការ​យក​ចិត្តទុកដាក់ក្នុងបង្ក្រាបបទល្មើសជួញដូរផ្លូវភេទ ជាពិសេសការជួញដូរមនុស្សគ្រប់ទម្រង់។ លើសពីនេះ លោកអភិសន្តិបណ្ឌិត ក៏ជំរុញ​លើក​ទឹក​ចិត្តដល់​អង្គភាព​នគរបាល​ក្នុង​សមត្ថកិច្ច​នេះ ពង្រីកការផ្សព្វផ្សាយអប់រំណែនាំដល់យុវជន ពិសេសយុវនារី ស្ត្រីជាមុខសញ្ញា អាណាព្យាបាល និងមហាជនទូទៅ ឱ្យបានយល់ដឹងអំពីគ្រោះថ្នាក់ ឧបាយកលរបស់ជនល្មើស វិធីបង្ការទប់ស្កាត់ និង​វិធី​ដោះ​ខ្លួន​ចេញពីជនល្មើសជាដើម៕