(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កងទ័ពកម្ពុជាចំនួន ៩២នាក់ បានចេញដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមសមយុទ្ធពហុសាសន៍ នៅតំបន់កាវតាន់ ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង ប្រទេសចិន។

សមយុទ្ធនេះមានឈ្មោះថា «សន្តិភាព មិត្តភាព-ឆ្នាំ២០២៣»​​ (AMAN YOUYI 2023) ដែលមានការចូលរួមពីកងទ័ពមកបណ្តាប្រទេសក្នុងតំបន់មាន៖ ចិន កម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម និងមានការចូលរួមតំណាងអង្គការសហប្រជាជាតិ។ សមយុទ្ធបានជ្រើសរើសប្រធានបទ «ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភារវកម្ម និងការថែរក្សាសន្តិសុខលំហសមុទ្រ» មានរយៈពេល ១០ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

កងទ័ពកម្ពុជាទាំង ៩២រូប ដែលចេញទៅចូលរួមក្នុងសមយុទ្ធ «សន្តិភាព មិត្តភាព ២០២៣» នៅក្នុងតំបន់កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយលេខាធិការដ្ឋាន សេនាធិការចម្រុះ នៃកងយោធពលខេមរភូន្ទមិ និងជាមេបញ្ជាការដឹកនាំ។ កងទ័ពទាំង៩២រូបនេះ មកពីបញ្ជាការដ្ឋានទ័ពពិសេស និងកងកម្លាំងមួយផ្នែករបស់បញ្ជាការដ្ឋានកងពលតូចលេខ៧០។

ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា បានឱ្យដឹងថា ចំពោះការចូលរួមក្នុងសមយុទ្ធនៅប្រទេសចិន ជាមួយនឹងបណ្តាប្រទេសជាមិត្តក្នុងតំបន់ កងទ័ពកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច។ ក្នុងនោះកងទ័ពកម្ពុជានឹងចូលរួមក្នុងចំនួនក្នុងប្រធានបទចំនួន២ នៅចំណោមប្រធានបទចំនួន១០ គឺទី១៖ ការរំដោះចំណាត់ខ្មាំង និងទី២៖​ ការរុករក និងកម្ទេចខ្មាំង។

លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា បានបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនៃកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជារដ្ឋមន្ត្រីក្រសួងការពារជាតិ គឺបានយកចិត្តទុកដាក់លើកងយោពលខេមរភូមិន្ទ ដូច្នេះកងទ័ពកម្ពុជា ដែលចេញទៅចូលរួមក្នុងសមយុទ្ធពហុជាតិសាសន៍លើទឹកដីប្រទេសចិន មានជំនឿយ៉ាងមុតមាំថា នឹងប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្តដើម្បីសម្រេចឱ្យបានក្នុងសមយុទ្ធនៅក្រៅប្រទេស និងនាំមុខមាត់ជូនជាតិមាតុភូមិ។

បើតាមលោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បានឱ្យដឹងថា ការចូលរួមធ្វើសមយុទ្ធពហុសាសន៍នៅប្រទេសចិន គឺដើម្បីពង្រឹងទំនាក់ទំនងរវាងបណ្ដាប្រទេសនៅក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងបង្កើនជំនឿទុកចិត្តខាងនយោបាយ ដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា។

គោលបំណងនៃការធ្វើសមយុទ្ធនេះ ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធារវាងបណ្ដាប្រទេសក្នុងតំបន់ជំរុញចក្ខុវិស័យនៃសន្តិសុខរួម សហប្រតិបត្តិការនិងសន្តិសុខប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់រួមគ្នា។ ពង្រឹងសមត្ថភាពដល់បណ្ដាប្រទេសនៅក្នុងតំបន់ ក្នុងការប្រឆាំងភេរវកម្ម និងការពារសន្តិសុខលម្ហសមុទ្រ។ បង្កើនការយល់ដឹងឱ្យអំពីបញ្ហាការចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះរបស់ភាគីទាំងអស់ និងប្រសិទ្ធភាពលើ នីតិវិធីប្រតិបត្តិការរបស់កងកម្លាំងចម្រុះ (MNF SOP) រួមទាំងនីតិវិធីប្រតិបត្តិសម្រាប់ការប្រទះគ្នាដោយមិនបានគ្រោងទុកនៅសមុទ្រ (CUES)។

ដើម្បីជាការលើកទឹកចិត្តនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ តំណាងនាយឧត្តមសេនីយ៍ វង្ស ពិសេនា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ បានសំណេះសំណាលជាមួយកងទ័ពទាំង៩២រូប និងបានរំលឹកដល់នាយទាហានដែលទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍នេះ ត្រូវចូលរួមគោរពដាច់ខាត នៅរាល់បទបញ្ជា និងការចាត់តាំងនានា របស់ថ្នាក់ដឹកនាំក្រុម ឬមេបញ្ជាការដឹកនាំ ពិសេសបទបញ្ជាផ្ទៃក្នុង នៃសមយុទ្ធរបស់ប្រទេសម្ចាស់ផ្ទះ ហើយក៏រក្សាឱ្យបាននៅតម្លៃ សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិ សម្រាប់ជាតិយើងផងដែរ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ក៏បានរំលឹកឱ្យនាយទាហានទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវ «ភក្តីភាព ទឹកចិត្តក្លាហាន កាយសម្បទា និងជំនាញ» និងត្រូវចេះគ្រប់គ្រង និងប្រើប្រាស់កម្លាំងឱ្យចំគោលដៅនិងជំនាញ រក្សាសម្ងាត់យោធាខ្ពស់បំផុត ហើយត្រូវចាត់ទុក សមយុទ្ធដែលយើងទៅចូលរួមនេះ ជាការងារស្នូល ពីព្រោះថាដែលសមយុទ្ធដែលទៅចូលរួមនេះ គឺជាសមយុទ្ធដ៏មានសារៈសំខាន់ ដូច្នេះទាំងអស់គ្នាទាំងថ្នាក់ដឹកនាំក្រុម ក៏ដូចយោធិនដែលចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាដកពិសោធន៍ ទាំងចំណេះដឹង និងចំណេះធ្វើ ពីបណ្ដាប្រទេសដែលចូលរួម និងធានាគុណភាព មានឆន្ទៈមោះមុត លើជំនាញពិតប្រាកដ ហើយក៏ត្រូវតែទទួលបានជោគជ័យលើគ្រប់វិញ្ញាសានានា ក្នុងកម្មវិធីសមយុទ្ធ ដោយធានាបានទាំងកត្តាមនុស្ស និងសម្ភារៈ៕