(ភ្នំពេញ)៖ លោក អាន ស៊ីថាវ ដែលជាគ្រូបង្គោល និងជាអ្នកជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច ជាង១៥ឆ្នាំ បានលើកឡើងថា «បើសិនអ្នកជាអ្នកសេដ្ឋកិច្ច អ្នកបង្កើតគោលនយោបាយ ឬអ្នកជំនាញផ្សេងទៀត កុំខ្លាច ប្រសិនបើអ្នកសារព័ត៌មានមករកអ្នក»។ លោក អាន ស៊ីថាវ បានលើកឡើងបែបនេះនៅក្នុងថ្នាក់សិក្សាស្ដីពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និង ជំនួញ» នៅមជ្ឈមណ្ឌលព័ត៌មាន Fresh News (FTC) ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកជំនាញព័ត៌មានសេដ្ឋកិច្ចរូបនេះ បានពន្យល់ថា អន្តរកម្មមិនល្អរវាងអ្នកសារព័ត៌មានសេដ្ឋកិច្ច និងសេដ្ឋវិទូ រួមមាន៖ អ្នកសេដ្ឋកិច្ចតែងតែរកឃើញកំហុសចំពោះវិធី ដែលព័ត៌មានសេដ្ឋកិច្ចត្រូវបានរាយការណ៍, អ្នកសារព័ត៌មានកំពុងទាមទារនិន្នាការដោយគ្មានភស្តុតាងគ្រប់គ្រាន់, ភាសារបស់អ្នកសេដ្ឋកិច្ចពិបាកយល់។

អ្នកសារព័ត៌មានមានឧបករណ៍ខ្សោយដើម្បីធ្វើការបកប្រែចាំបាច់, សេដ្ឋវិទូគឺជាការលំបាកក្នុងការប្រាស្រ័យទាក់ទងព័ត៌មានដែលមានលក្ខណៈបច្ចេកទេស ស្មុគ្រស្មាញទៅកាន់សាធារណជនដែលមិនបានបណ្តុះបណ្តាល, កេរ្តិ៍ឈ្មោះរបស់អ្នកសេដ្ឋកិច្ចមិនអាស្រ័យលើសាធារណជនទេ ប៉ុន្តែមិត្តភក្ដិរបស់គេ។

លោក អាន ស៊ីថាវ បានបន្ដថា ដើម្បីកែលម្អស្ថានភាព មានដូចជា៖

១៖ ធ្វើការរួមគ្នារវាងអ្នកសេដ្ឋកិច្ចដឹងពីគោលនយោបាយ និងសរសេរដោយអ្នកសារព័ត៌មានដែលបានទទួលការបណ្តុះបណ្តាលផ្នែកសេដ្ឋកិច្ចផងដែរ។

២៖ ស្វែងរកវិធីទំនាក់ទំនង ជាជាងព្យាយាមមិនអើពើអ្នកសារព័ត៌មាន។

៣៖ ជួយពួកគេនូវតម្រូវការសម្រាប់ការយល់ដឹងកាន់តែប្រសើរឡើងអំពីរបៀបដែលសាធារណជនរៀនពីសារព័ត៌មាន

៤៖ ធ្វើការរួមគ្នាអំពីរបៀបបកស្រាយព័ត៌មានសេដ្ឋកិច្ច។

សូមបញ្ជាក់ថា វគ្គសិក្សាថ្មីស្តីពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» គឺជាថ្នាក់សិក្សាមួយក្នុងចំណោមថ្នាក់សិក្សាទាំង៣ របស់ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បន្ទាប់ពីថ្នាក់សិក្សាអំពី «របៀបសរសេរព័ត៌មានទូទៅ» និងថ្នាក់សិក្សាអំពី «ជំនាញថតរូប»

FTC ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដោយលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕