(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារFresh News នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះថា ក្រោមពីទទួលព័ត៌មានថា មានករណីបង្ករបួសស្នាម លើជនរងគ្រោះម្នាក់ បណ្តាលឲ្យបែកក្បាល ដោយក្រុមទំនើង៨នាក់ ទើបកម្លាំងរបស់លោកបានទៅដល់កន្លែងកើតហេតុភា្លមៗ និងចាប់បានជនសង្ស័យម្នាក់។
ហេតុការណ៍អំពើហឹង្សានេះ កើតឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ ត្រង់បរិវេណ កាស៊ីណូស្តារវិហ្គាស (ផ្កាយ៥) ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកមេបញ្ជាការ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈឿត ឈឿយ អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ចំណែកជនសង្ស័យឈ្មោះ វ៉េត វណ្ណៈអាយុ៣១ឆ្នាំ រីឯបក្សពួក៧នាក់ទៀត រត់គេចខ្លួនបានស្រមោល។ បើតាមការអះអាងពីជនរងគ្រោះ បានប្រាប់ថា ខ្លួនបានមកអង្គុយលេងលើវាលស្មៅបរិវេណកាស៊ីណូខាងលើ បានមួយសន្ទុះ ស្រាប់តែឃើញក្រុមជនសង្ស័យមានគ្នា៨នាក់ ចុះពីលើរថយន្ត មិនស្គាល់ម៉ាក ហើយដើរតម្រង់មកខ្លួន ក៏ធ្វើសកម្មភាពវាយលើខ្លួនតែម្តង ដោយមិនដឹងពីមូលហេតុ ហើយខ្លួនមិនស្គាល់ក្រុមជនសង្ស័យសោះ។
ជនសង្ស័យ បានសារភាពប្រាប់អាវុធហត្ថថា ខ្លួនពិតជាបានបង្កហឹង្សាទៅលើជនរងគ្រោះពិប្រាដកមែន។ បច្ចុប្បន្នកម្លាំងអាវុធហត្ថ កំពុងស្រាវជ្រាវតាមច្បាប់ខ្លួនបក្ខពួកផ្សេងទៀត ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕