(ភ្នំពេញ)៖ លោក ណុប រ័ត្ននិមល ជំនួយការសម្តេចធិបតីនាយករដ្ឋមន្ត្រី តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី បានថ្លែងដូចនេះ ក្នុងឱកាសដង្ហែអង្គកឋិនទានវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តសីហរតនារាម ស្ថិតនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងកសាងស្តារប្រទេសជាតិពីគំនរផេះផង់ ពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះវិស័យព្រះពុទ្ធសាសនា បានខិតខំកសាងព្រះវិហាររាប់ពាន់ខ្នងនៅទូទាំងប្រទេសផងដែរ។

លោកបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ លោកតាលោកយាយ ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីនូវគ្រប់លំដាប់ថ្នាក់ នៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលខិតខំខ្នះខ្នែងចូលរួមសហការទាំងនៅក្នុងដំណើរការនៃការកសាងអភិវឌ្ឍគ្រួសារ និងសង្គមជាតិ ក៏ដូចជាការចូលរួមថែរក្សាសុខសន្តិភាពជាតិ នាពេលកន្លងមកនេះ។

ជាមួយគ្នានេះ លោក ណុប រ័ត្ននិមល បានលើកឡើងថា វត្តអារាម មិនត្រឹមជាកន្លែងប្រតិបត្តិធម៌នោះទេ ប៉ុន្តែជាកន្លែងផ្តើមនៃការចូលរួមចំណែកនៅក្នុងការគ្រប់គ្រងប្រទេស, គ្រប់គ្រងគ្រួសារ ព្រោះព្រះធម៌ក្នុងព្រះពុទ្ធសាសនា គឺជាការអប់រំប្រៀនប្រដៅឱ្យមានគុណធម៌ សីលធម៌ ចេះរស់នៅដោយការគោរពគ្នា ចេះធ្វើអំពើបុណ្យកុសល ហើយក៏ជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយបន្តទៅក្នុងសង្គម ចូលរួមចំណែកទប់ស្កាត់អំពើហិង្សា អំពើអសីលធម៌ និងខុសច្បាប់នានា ធានាបាននូវសង្គមមួយប្រកបដោយសុខសន្តិភាព។

លោកក៏បានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋបន្តរួមគ្នាថែរក្សាវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ និងជំនឿសាសនា ពិសេសចូលរួមលើការកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងការពារសុខសន្តិភាពនៅកម្ពជាឲ្យស្ថិតស្ថិរគង់វង្សយូរអង្វែង។

ក្នុងឱកាសនោះដែរ លោក ណុប រ័ត្ននិមល បានវេរប្រគេនបច្ច័យសង្កត់ត្រ័យ សម្រាប់បន្តលើលការសមិទ្ធផនានានៅក្នុងទីអារាមវត្តសីហរតនារាមមានចំនួន១០២លាន៥៧ម៉ឺនរៀល ក្នុងនោះបច្ច័យរបស់កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី មានចំនួន៣០លានរៀល។ ជាមួយគ្នានេះដែរ លោកបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនឧបត្ថម្ភដល់សីលវន្តសីលវត្តី មន្ត្រីក្រុមប្រឹក្សាស្រុក-ឃុំ លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕