(ភ្នំពេញ)៖ តបតាមការសូមយាងរបស់ លោក Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យនឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមប្រកាសរបស់ក្រសួងការបរទេស។

គណៈប្រតិភូដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងរួមមាន លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី ខែក កែមាលីស៊ីសូដា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​ប្រទេសចិន, លោក ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជានាយកព្រះរាជខុទ្ទកាល័យ​ព្រះមហា​ក្សត្រ, លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុក​កិច្ចការ​ទូទៅ​អមក្រសួងព្រះបរមរាជវាំង, លោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ព្រមទាំងឥស្ស​រ​ជន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យ ឯករាជ្យជាតិ។

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងមានព្រះរាជសវនាការ ជាមួយលោក Emmanuel MACRON នៅវិមានប្រធានាធិបតី Palais de l'Élysée នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការ អភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ នៃ សន្និសីទអង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងប្រទានព្រះរាជសវនាការជូន លោកស្រី Audrey AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ ដែលនេះបង្ហាញអំពីការទទួលស្គាល់របស់កម្ពុជាអំពីការចូល រួមចំណែករបស់អង្គការនេះ ក្នុងកិច្ចការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ។

ក្នុងព្រះរាជដំណើរយាងទៅទីក្រុងប៉ារីសនេះផងដែរ ព្រះអង្គនឹងយាងទៅប្រាសាទ Fontainebleau ស្ថិតនៅទីក្រុង Fontainebleau ដែលមានសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងសៀមរាប។ ជាមួយគ្នានេះ ព្រះអង្គក៏ នឹងយាងទតបណ្ណសាររបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតន កោដ្ឋ» ផងដែរ៕