(បាត់ដំបង)៖ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្ត្ររបស់ប្រជាជាតិកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងនិមន្តព្រះសង្ឃ៩អង្គបង្សុកូលថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណព្រះអង្គផងដែរ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្តបាត់ដំបង សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសិករងខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយឫទ្ធិ យុវជនក្មេងវត្ត សិស្សានុសិស្សជាច្រើនចូលរួមផងដែរ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ក៏បានប្រារព្ធពិធីរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣ ទោះបីព្រះអង្គបានយាងចូលទីវង្គតក៏ពិតមែន តែស្មាតី៩វិច្ឆិកាបានស្ថិតនៅជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្ត្រខ្មែគ្រប់រូបនូវស្នាព្រះហស្តរបស់ព្រះអង្គដល់សង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយព្រះបញ្ញាញាណដ៏ភ្លឺថ្លាគ្រប់កាលៈទេសៈ ដឹកនាំប្រទេសជាតិក្នុងសម័យសង្គមរាស្ត្រនិយម។

នៅតាមបណ្តាផែន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពបានដាក់នូវកម្រងផ្កាបូជាទៀនធូបគោរពព្រះដួងវិញ្ញាណក្ខន្តថ្វាយជូនព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ការរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងការរំលឹកនូវស្នាព្រះហស្តព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ព្រះកាយពលព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ចក្នុងការទាមទាឯករាជ្យនៅកម្ពុជា ឲ្យបានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និងបានប្រកាសឯករាជ្យជាតិ នាថ្ងៃទី៩ វិច្ឆិកា ១៩៥៣ នៃព្រះវីរភាពដ៏អង់អាចក្លាហាននេះ គឺជាព្រះរាជគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយក្នុងការកសាងការពារបូរណភាពទឹកដី៕