(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅលើបុរីវប្បធម៌កោះសំពៅមាស បានរៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ បុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣ ក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ​ និងសិស្សានុសិស្សប្រមាណជាង១៥០០នាក់។

បន្ទាប់ពីដាក់កូរ៉ោនគោរពព្រះវិញ្ញាណក្ខន្ធ ចាប់ពីផែនទី១ ដល់ផែនទី១១ និងអញ្ជើញបូជាទាន ធូប និមន្តព្រះសង្ឃ៩អង្គ នមស្សការព្រះរតនត្រ័យនោះរួចមក, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអាននូវជីវប្រវត្តិសង្ខេប ព្រះរាជបូជនីយកិច្ចព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងការទាមទារឯករាជ្យនៅកម្ពុជា ៩ វិច្ឆិកា ឆ្នាំ១៩៥៣។

លោកបានលើកថា នេះជាថ្ងៃគម្រប់ខួប៧០ឆ្នាំ នៃបុណ្យឯករាជជាតិ ក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យនៅកម្ពុជា ឲ្យរួចផុតពីអាណានិគមបារាំង និងកំណើតកងយោធពលខេមរភូមិន្ទ។ ក្នុងរយៈពេល៧០ឆ្នាំមកនេះ កងយោធពលខេមរភូមិន្ទ បានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារអធិបតេយ្យ បូរណភាពទឹកដី រួមចំណែកអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ កាន់តែសម្បូររុងរឿង។

ក្នុងដំណាក់កាលដ៏វែងឆ្ងាយនោះ កងយោធពលខេមរភូមិន្ទ បានឆ្លងកាត់នូវរាល់ឧបស័គ្គជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដី ក៏កងយោធពលខេមរភូមិន្ទ នៅតែរក្សាខ្ជាប់ នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជា ជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយ មានតែកងយោធពលខេមរភូមិន្ទដ៏បរិសុទ្ធដែលស្មោះត្រង់ នឹងគោលបំណង និងឧត្តមគតិរបស់ជាតិប៉ុណ្ណោះ ដែលបានក្រោកឈរឡើងធ្វើការតស៊ូ ធ្វើដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ និងទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ មាតុភូមិ និងប្រជាពលរដ្ឋ បានរស់រានមានជីវិតឡើងវិញ នាំយកសិទ្ធិសេរីភាព បើកឡើងនូវសករាជថ្មី និងនៅតែចងចាំជានិច្ចនូវអត្ថន័យដ៏ធំ ធេងនៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះដែលធ្វើឱ្យមានអ្វីៗរហូតមកដល់សព្វថ្ងៃនេះ។

លោកបានសម្តែងនូវការគោរពដឹងគុណដ៏ស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានលះបង់កូនចៅ ប្ដីសី និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ឱ្យចូលបម្រើក្នុងជួរកងទ័ព ដើម្បីការពារជាតិមាតុភូមិ និងបានបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពរបស់កងយោធពលខេមរភូមិន្ទ តាំងពីដើមរហូតដល់ពេលបច្ចុប្បន្ន។ សូមផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះយោធិនពិការ យោធិនចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ គ្រួសារយោធិនពលី មរណៈ និងអតីតយុទ្ធជនកម្ពុជាទាំងអស់។ សូមឧទ្ទិសនូវទឹកចិត្តកតញ្ញូកតវេទីជូនចំពោះវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំ គ្រប់ថ្នាក់គ្រប់ផ្នែក គ្រប់ជំនាន់ ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុការពារជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។ តាមរយនេះ សូមសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញបេសសកម្មទាំងក្នុង និងក្រៅប្រទេស សូមសម្រេចបានជោគជ័យគ្រប់ភារកិច្ចមានសុខភាពល្អនិងបានរួចផុតពីជំងឺចង្រៃផ្សេងៗគ្រប់ៗគ្នា ព្រមទាំងបានអញ្ជើញលែងព្រាប និងបង្ហោះប៉េងប៉ោងនាពេលនោះផងដែរ៕