(កំពត)៖ មួយរយៈពេលចុងក្រោយនេះកុមារី ចាស្មីន ដែលត្រូវបានទស្សនិកជនស្គាល់ថា ជាកូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលេចមុខក្នុងកម្មវិធីសប្បុរសធម៌ជាច្រើនជាមួយម្តាយរបស់ខ្លួនជាហូរហែ។​ ជាក់ស្តែងថ្មីៗនេះ ចាស្មីន បានស្កាត់ទៅជួបជាមួយលោកតា គង់ ណៃ ដល់ផ្ទះ ដើម្បីនាំយកអំណោយមូលនិធិរបស់ឪពុកជូនដល់លោកតា ដែលជាក្តីប្រាថ្នារបស់ខ្លួនជាយូរមកហើយ ។ 

កុមារី ចាស្មីន មានទេពកោសល្យខ្លាំងខាងផ្នែកសិល្បៈ មិនថាច្រៀង រាំ ឬសម្តែង រហូតធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ ជាពិសេសរាល់ពេលដែល ចាស្មីន ចេញវិដេអូម្តងៗគឺទទួលបានការស្រឡាញ់ និងការពេញចិត្តច្រើនពីសំណាក់អ្នកគាំទ្រ។  

ថ្មីៗនេះកុមារី ចាស្មីន បានលេចមុខក្នុងកម្មវិធីសប្បុរសធម៌ជាច្រើនជាមួយអ្នកម្តាយរបស់ខ្លួន ជាក់ស្តែងតាមរយៈវិដេអូ និងរូបភាពជាច្រើនដែលទស្សនិកជនបានឃើញស្រាប់ គឺ ចាស្មីន បានស្កាត់ទៅជួបជាមួយលោកតា គង់ ណៃ ដោយផ្ទាល់តែម្តង។ 

តាមរយៈសារនៅលើផេក ហ្វេសប៊ុក របស់ ចាស្មីន បានរៀបរាប់ថា «ថ្ងៃនេះទំនេរពីការសិក្សា ចាស្មីន សុំអ្នកម៉ែមកជួបលោកតា គង់ ណៃ។ ពេលនេះ ចាស្មីន បានជួបលោកតាដូចបំណងហើយ។ ចាស្មីន និងអ្នកម៉ែសប្បាយចិត្តណាស់ពេលបានជួបជាមួយលោកតា គង់ ណៃ ព្រមទាំងបាននាំយកអំណោយមូលនិធិលោកពុកជូនដល់លោកតា»

បន្ទាប់ពីឃើញសកម្មភាពរបស់ ចាស្មីន បែបនេះ មានអ្នគាំទ្រជាច្រើនបានសរសើរ ចាស្មីន គ្រប់ៗគ្នា៕