(សៀមរាប)៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានធ្វើពីធីបំពាក់កន្សែងជូនដល់យុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យគោកដូងក្នុងស្រុកអង្គរជុំ ចំនួន៥០រូប បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម។

លោក ក្រុស សារ៉ាត់ បានលើកឡើងថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបម្រើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្តល់វគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃ ស្តីពី កាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងការងារគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងបញ្រ្ចាបលើប្រធានបទសុវត្ថិភាពចរាចរណ៍ ដើម្បីបានជាមូលដ្ឋានក្នុងការបំពេញការងារមុនស្សធម៌។

លោក ក្រុស សារ៉ាត់ ក៏បានរំលឹកដល់យុវជនកាកបាទក្រហមកម្ពុជា ត្រូវធ្វើជាទំពាំងស្នងប្ញស្សី ជាអ្នកបន្តវេនក្នុងសកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជាត្រូវមគោរពវិន័យសាលា ខិតខំរៀនសូត្រឲ្យបានពូកែ និងធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យ ត្រូវផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងសាលា និងសហគមន៍ ចូលរួមបន្តការអប់រំសុខភាពអនាម័យ បង្ការជំងឺឆ្លង ក៏ដូចជាគ្រោះថ្នាក់នៃគ្រឿងញៀន។

លោកបន្តថា ត្រូវចូលរួមសកម្មភាពមនុស្សធម៌ក្នុងសាលា មានជួយដល់មិត្តយុវសិស្សក្រីក្រ រៀនខ្សោយ និងលើកទឹកចិត្តសិស្សពិការ ត្រូវធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ មានទំនាក់ទំនងស្មើភាពក្នុងជួរយុវជន ដោយសហការល្អ ចែករំលែកបទពិសោធន៍ជាមួយយុវកាយរឹទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាជាមួយយុវជនកាកបាទក្រហម អឌ្ឍចន្ទក្រហមនៃបណ្តាប្រទេសជាមិត្តនានាក្នុងសកលលោក។

ជាមួយនេះ បន្ទាប់ពីបានទទួលតួនាទី និងភារកិច្ច ដើម្បីឆ្លើយតបនឹងប្រសាសន៍ការផ្ដាំផ្ញើនឹងការប្រគល់ភារកិច្ចរបស់គណៈអធិបតី តំណាងយុវជនថ្មី ក៏បានឡើងធ្វើការប្ដេជ្ញាចិត្តថា នឹងរៀនសូត្រឲ្យបានពូកែ គោរពវិន័យ សីលធម៌ ឲ្យក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ និងបំពេញតួនាទីភារកិច្ចជាយុវជនកាកបាទក្រហមកម្ពុជា ប្តេជ្ញាទ្រទ្រង់នឹងចូលរួមសកម្មភាពមនុស្សធម៌ឲ្យបានកាន់តែច្រើនទាំងក្នុង និងក្រៅសាលារៀន ព្រមទាំងប្ដេជ្ញាអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យក្លាយជាពលរដ្ឋល្អទៅអនាគតផងដែរ៕