(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកស្អែកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងដង្ហែរអង្គកឋិនទានសាមគ្គីទៅវត្ត គិរីជលសារកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ពិធីបុណ្យកឋិនទានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមដោយលោក វង្ស ណាផាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលក្រុង/ស្រុកមន្ទីរអង្គភាពជុំវិញខេត្ត និងមន្តី្ររាជការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទ្ធ ម្ចាស់សណ្ឋាគារ អ្នកវិនិយោគតូចធំ នៅគេហដ្ឋានលោក គួច ចំរើន អភិបាលខេត្ត ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លុះព្រឹកឡើងថ្ងៃទី១១ ខែឆ្នាំដដែល វេលាម៉ោង៧ព្រឹក រដ្ឋបាលខេត្តព្រះសីហនុនឹងដង្ហៃរកឋិនទានឆ្ពោះទៅវត្ត គិរីជលសារកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីនាំយកបច្ច័យ និងទ័យទានដែលប្រមូលបានវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តគិរីជលសារកោះរ៉ុង៕