(ភ្នំពេញ)៖ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំការមន បានចុះរៀបចំសណ្ដាប់ធ្នាប់ និងបរិស្ថាន អនាម័យ តាមប្រឡាយលូ បឹងត្របែកលេខ ផ្លូវលេខ១០៥ ដើម្បីឲ្យមានបរិស្ថានអនាម័យ និងសោភ័ណភាពល្អ ដោយកន្លងមកតាមបណ្ដោយប្រឡាយនេះ គឺមានដើមឈើ ដុះពាសពេញប្រឡាយ និងសំរាមជាដើម។

ការចុះរៀបចំនេះ អាជ្ញាធរចុះធ្វើជារើយៗ ជាក់ស្តែង នារសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ ដោយលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយផ្ទាល់ ដើម្បីចុះធ្វើការងារបរិស្ថានអនាម័យនេះ ឲ្យបានល្អប្រសើរ។

លោក កៀង ល័ក្ស បានឲ្យដឹងថា នៅតាមបណ្ដោយប្រឡាយលូ បឹងត្របែកលេខ១០៥នេះ អាជ្ញាធរបានចុះរៀបចំសណ្ដាប់ធ្នាប់ជាញឹកញាប់ផងដែរ ដូច្នេះអាជ្ញាធរធ្វើការ កាប់ដើមឈើ ដែលបានដុះនៅតាមបណ្ដោយប្រឡាយលូ បឹងត្របែក ដើម្បីការពារកុំឱ្យមានការបាក់មែកឈើ បង្កឱ្យកកស្ទះប្រព័ន្ធ លូបង្ហូរ និងជៀសវាងកុំឱ្យមានការជន់លិច នៅពេលមានភ្លៀងធ្លាក់ ដើម្បីឲ្យមានបរិស្ថានល្អប្រសើរជាងនេះ។ 

លោកអភិបាល ក៏បានណែនាំដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន រស់នៅតាបណ្ដោយផ្លូវកេខ១០៥ និងប្រឡាយបឹងត្របែក ឲ្យចូលរួមថែរក្សាបរិស្ថានអនាម័យទាំងអស់គ្នា។ ជាពិសេសនោះ ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបញ្ចេញសំរាមរៀងរាល់ម៉ោង ដែលក្រុមហ៊ុនប្រមូលសំរាមមកយក ចៀសវាងការចោលសម្រាមចូលក្នុងប្រឡាយទឹកស្អុយ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់ សោភណ្ឌភាព សុខភាពដល់ប្រជាពលរដ្ឋផងដែរ៕