(ភ្នំពេញ)៖ ការដ្ឋានដាក់លូប្រអប់ធំៗ ចំនួន២ខ្សែ ប្រវែងជិត ៥០០ម៉ែត្រ ចាប់ពីចាប់ពីផ្លូវទន្លេសាប មកដល់កែងផ្លូវជាតិលេខ៦A រង្វង់មូលព្រះព្រហ្មមុខបួន ត្រូវមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថាបនា សម្រេចបានប្រមាណ៧៥% ហើយ ដោយពេលនេះក្រុមការងារបាននិងកំពុងបន្តសកម្មភាពការងារ ឆ្ពោះទៅផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វា។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការដ្ឋានដាក់លូប្រអប់ធំៗ ២ខ្សែខាងលើនេះ ម្ចាស់គម្រោង គឺក្រុមហ៊ុនវិនិយោគទន់អនិកជន OCIC ដោយក្នុងមួយខ្សែៗ សម្រេចបាន៧៥% ហើយ។ មន្ត្រីដដែលបានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ការងារគម្រោងលូប្រអប់ទាំង២ខ្សែ ប្រវែងជាង ៩០០ម៉ែត្រ ចាប់ពីផ្លូវទន្លេសាប មកកែងនឹងផ្លូវជាតិលេខ៦A រង្វង់មូលព្រះព្រហ្មមុខបួន មានទទឹង ៤ម៉ែត្រ ៤០សង់ទីម៉ែត្រ ជាយុទ្ធសាស្រ្តរំដោះទឹកភ្លៀង មហាវិថី OCIC, វិថីបឹងពោធ៍, ផ្លូវជាតិលេខ៦A, វិថីកែវចិន្ថា, វិថីទន្លេសាប តំបន់រង្វង់មូលព្រះព្រហ្មមុខបួន និងជាពិសេស តំបន់ទីក្រុងរណបជ្រោយចង្វារ។

មន្ត្រីបានបញ្ជាក់ថា ក្រោយការដ្ឋាននេះបានបញ្ចប់ ក្រុមការងារនឹងបន្តចាក់ផ្លូវបេតុងជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាពនិងសោភ័ន្ធភាព សម្រាប់ចរាចរណ៍។

មន្ត្រីរដ្ឋបាលរាជធានីបានសំណូមពរឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់ការដ្ឋាន រង្វង់មូលព្រះព្រហ្មមុខបួននេះ មេត្តាយោគយល់ ខណៈការដ្ឋានបានបិទ មហាវិថី OCIC មួយផ្នែក និងសូមចូលរួមថែរក្សាអនាម័យ បរិស្ថានតាមផ្លូវទន្លេសាប មហាវិថី OCIC ព្រមទាំងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមបណ្តាយផ្លូវទាំងនេះ ដើម្បីសោភ័ន្តភាពភ្ញៀវទេសចរមកកម្សាន្តតំបន់ជុំវិញរាជធានីភ្នំពេញ។ ម្យ៉ាងវិញទៀតដើម្បីឲ្យបងប្អូនធ្វើដំណើបានស្រួល និងមានសុវត្តិភាពពេលធ្វើចរាចរណ៍៕