(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធ័រកងកម្លាំងមន្ត្រីរាជការគ្រប់ស្ថាប័នពាក់ព័ន្ធ ប្រារព្ធមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៧០នៃ ទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣) ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្ត។

សូមជម្រាបថា ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្ត ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។

ថ្ងៃនេះប្រជាពលរដ្ឋខ្មែរ មានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវឲ្យមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ។

បន្ថែមពីលើការប្រារព្ធពិធីអបអរសាទរនៅថ្ងៃទី៩ ខែវិច្ឆិកានេះ ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏ បានដាក់ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង៕