(ម៉ូហ្គាឌីស្យូ)៖ អង្គការសហប្រជាជាតិបានពណ៌នាអំពីទឹកជំនន់ ដែលបានជម្លៀសប្រជាជនរាប់សែននាក់ នៅក្នុងប្រទេសសូម៉ាលី និងប្រទេសជិតខាងនៅអាហ្វ្រិកខាងកើត បន្ទាប់ពីគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រថាជា «ព្រឹត្តិការណ៍មួយក្នុងសតវត្ស»។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ដែលហៅកាត់ថា OCHA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ប្រជាជនប្រហែល ១.៦ លាននាក់នៅក្នុងប្រទេសសូម៉ាលី អាចរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងតាមរដូវ ដែលកាន់តែអាក្រក់ទៅៗដោយឥទ្ធិពលរួមគ្នានៃបាតុភូតអាកាសធាតុពីរគឺ El Niño និង Dipole មហាសមុទ្រឥណ្ឌា។
ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលបានចាប់ផ្តើមនៅដើមខែតុលាកន្លងទៅនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩ នាក់ បង្ខំមនុស្សជាង ៣០០,០០០ នាក់ជម្លៀសចេញពីផ្ទះរបស់ពួកគេនៅក្នុងប្រទេសសូម៉ាលី និងបានជន់លិចទីក្រុង និងភូមិនានា នៅភាគខាងជើងប្រទេសកេនយ៉ា។
ក្រុមជួយសង្គ្រោះនិយាយថា ជំរំសម្រាប់ប្រជាជនដែលបានភៀសខ្លួន ដោយសារការបះបោរជ្រុលនិយម និងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ទសវត្សរ៍ ក៏ត្រូវបានជន់លិចផងដែរ ដោយបង្ខំឱ្យប្រជាជនភៀសខ្លួនជាលើកទីពីរ។
លោក Martin Griffiths អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួលសម្រាប់កិច្ចការមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ បាននិយាយថា «អាកាសធាតុអាក្រក់ ដែលទាក់ទងនឹងបាតុភូត El Niño ដែលកំពុងបន្ត ទំនងជានឹងបង្កើនតម្រូវការមនុស្សធម៌បន្ថែមទៀត នៅក្នុងសហគមន៍ដែលងាយរងគ្រោះរួចហើយនៅក្នុងប្រទេសសូម៉ាលី និងកន្លែងជាច្រើនទៀត»៕