(ភ្នំពេញ)៖ បុគ្គលិកមន្ត្រីជាប់កិច្ចសន្យា អង្គភាពអគ្គិសនីបំភ្លឺផ្លូវសាធារណៈនៃមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ៨នាក់ តំណាងឲ្យ២១នាក់ ដែលដឹកនាំដោយឈ្មោះ ប៉ោ គុណរ៉ា បានដាក់ញត្តិ នៅខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានៅវេលាម៉ោង៨៖៤០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដើមពោធិ៍ វត្តបទុមវត្តី ផ្លូវស៊ូស្រ៊ុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ការដាក់ញត្តិនេះ គឺធ្វើឡើង ក្នុងគោលបំណងស្នើសុំសម្តេចតេជោ ហ៊ុន សែន អន្តរាគមន៍ទុកអង្គភាពអគ្គិសនីបំភ្លឺផ្លូវសាធារណៈ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់មន្ទីសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅដដែល ដែលអាចឲ្យពួកអាចបន្តការងារដូចដើម។
ការស្នើសុំរបស់ ក្រុមបុគ្គលិកមន្ត្រីជាប់កិច្ចសន្យា អង្គភាពអគ្គិសនីបំភ្លឺផ្លូវសាធារណៈ នៃមន្ទីសាធារណការ នឹងដឹកជញ្ចូនរាជធានីភ្នំពេញខាងលើនេះ បានធ្វើឡើង ក្រោយពីសាលារាជធានីភ្នំពេញ បានកាត់ពួកគាត់ឲ្យទៅបំរើការងារ នៅអង្គភាពលូទឹកស្អុយវិញ។
យ៉ាងណាក៏ដោយ ក្រោយពីមានការណែនាំពី តំណាងខុទ្ទកាល័យឲ្យទៅធ្វើញត្តិម្តងទៀតព្រោះញត្តិខុស ពួកគាត់បានរំសាយត្រឡប់ទៅវិញ ហើយនៅម៉ោង៩៖១៥នាទីដដែលនេះ បានវិលត្រឡប់មកដាក់ញត្តិនេះ ជាថ្មីម្តងទៀត ក្រោយពេលដែលកែសម្រួលហើយ៕