(ភ្នំពេញ)៖ គិតមកដល់ពេលនេះ លោក រ៉ុង ឈុន បច្ចុប្បន្ន​កំពុងស្ថិតក្នុងដំណាក់កាលអនុវត្តទោស តាមរយៈសាលដីការបស់តុលាការកំពូល ដែលបានចេញកាលពីខែសីហា ឆ្នាំ២០២២ ដោយលោក និល ណុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ ក្នុងកាលៈទេសៈនេះលោក រ៉ុង ឈុន អាចនឹងត្រូវចាប់ខ្លួនតាមដីកា ប្រសិនបើមិនអនុវត្តតាមដីកា របស់តុលាការ ហើយក៏មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានដែរ បើមិនទាន់បានស្តារនីតិសម្បទា។

យោងតាមលិខិតឆ្លើយតបរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្ញើជូនគណៈកម្មាធិការរៀបចំការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឲ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា ៥៣៥​ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ក្នុងសាលដីការបស់សាលាឧទ្ធរណ៍ ហើយក៏ត្រូវបានតុលាការកំពូល តម្កល់សាលដីកាព្រហ្មទណ្ឌលេខ ១១០ បានកំណត់ផ្ដន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ត្រូវកែប្រែមកជាទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ៣ខែ ១១ថ្ងៃ។ ទោសដែលនៅសល់ត្រូវព្យូរទោសសាកល្បងដោយកំណត់រយៈពេល៣ឆ្នាំ។

សាលដីកាដដែលបានបញ្ជាក់ទៀតថា ទណ្ឌិត រ៉ុង ឈុន ត្រូវអនុវត្តវិធានការត្រួតពិនិត្យដូចខាងក្រោម៖

* ទណ្ឌិតត្រូវតែគោរពតាមដីកាកោះរបស់ព្រះរាជអាជ្ញា ឬរបស់បុគ្គលដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឲ្យ
* ទណ្ឌិតត្រូវមកទទួលនូវការមកពិនិត្យមើលរបស់បុគ្គល ដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឲ្យ
* ទណ្ឌិតត្រូវប្រគល់ដល់ព្រះរាជអាជ្ញា ឬដល់បុគ្គលដែលព្រះរាជអាជ្ញា បានប្រគល់អំណាចឲ្យនូវគ្រប់ឯកសារ សម្រាប់ធ្វើការផ្ទៀតផ្ទាត់លើការបញ្ចូលឲ្យទៅរស់នៅក្នុងសង្គមវិញ
* ទណ្ឌិតត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា អំពីការផ្លាស់ប្ដូរអាសយដ្ឋាន និងមុខរបររបស់ខ្លួន
* ទណ្ឌិតត្រូវតែអនុញ្ញាតពីព្រះរាជអាជ្ញា មុនពេលធ្វើដំណើរទៅបរទេស។

សូមជំរាបថា ក្រោយសាលាឧទ្ធរណ៍ភ្នំពេញចេញសាលដីកាសម្រេចបែបនេះ ទណ្ឌិត រ៉ុង ឈុន បានប្ដឹងសាទុក្ខទៅកាន់តុលាការកំពូល ហើយក៏ត្រូវបាន តុលាការកំពូល សម្រេចតម្កល់សាលដីកាព្រហ្មទណ្ឌលេខ ១១០ ក្រV «រ» ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅដដែលដូចអ្វីដែលបានសម្រេចនៅខាងលើ។

លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ក្រោយពីលោកបានប្រព្រឹត្តបទល្មើស ញុះញង់បង្កឲ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់ លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចាត់ទុកថា ការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្ត សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល។

ដូចេ្នះបើយោងតាមច្បាប់ស្តីពី «ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ» លោក រ៉ុង ឈុន ដែលប្រកាសចាកចេញពីគណបក្សភ្លើងទៀន ហើយទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ គ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនោះទេ ព្រោះមិនទាន់មាននីតិសម្បទាពេញលេញតាមផ្លូវច្បាប់ឡើយ៕