(ភ្នំពេញ)៖ កងយោធពលខេមរភូមិន្ទ គ្រោងនឹងបញ្ជូនកងកម្លាំងនៃបញ្ជាការដ្ឋានទ័ពពិសេស និងកងកម្លាំងមួយផ្នែករបស់បញ្ជាការដ្ឋានកងពលតូចលេខ ៧០ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទចំនួន ៩២នាក់ រួមនឹងសម្ភារៈ បរិក្ខាយោធាទៅកាន់តំបន់កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងសមយុទ្ធ «សន្តិភាព មិត្តភាព ២០២៣» អាមែនយូយី ២០២៣ "AMAN YOUYI 2023" ក្រោមប្រធានបទ «ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ» មានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
សមយុទ្ធរួមនេះរៀបចំធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមតំណាងអង្គការសហប្រជាជាតិ និងកងកម្លាំងកងទ័ពកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ វៀតណាម និងចិន ដែលបណ្ដើរប្រទេសទាំងនោះនិង បញ្ជូនកម្លាំងយោធារបស់ខ្លួន រួមនិងសម្ភាៈ បរិក្ខារយោធា ទៅចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករ ទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ។
ដើម្បីជាការលើកទឹកចិត្តនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ តំណាងនាយឧត្តមសេនីយ៍ វង្ស ពិសេនា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសំណេះសំណាលនៅបញ្ជាការដ្ឋានកងពលតូចលេខ៧០។
ក្នុងឱកាសជួបសំណេះសំណាលនោះ បន្ទាប់ពីឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យាធ្វើសេចក្តីរាយការណ៍អំពីការត្រៀមទាំងកម្លាំង សម្ភារៈ បរិក្ខា យោធា ចេញទៅចូលរួមសមយុទ្ធ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា នេះគឺជាមោទនភាព ដ៏ឧត្តុងឧត្តមណាស់ ហើយក៏ជាមុខមាត់ សម្រាប់ប្រជាជនកម្ពុជា ផងដែរ ដែលកងយោធពលខេមរភូមិន្ទ ត្រូវបានមិត្តចិន អញ្ជើញឱ្យចូលរួមក្នុងសមយុទ្ធពហុសាសន៍រួមដ៏មានសារៈសំខាន់ «មិត្តភាព សន្តិភាព-២០២៣» ដែលរៀបចំឡើងដោយកងទ័ពរំដោះប្រជាជនចិន ដែលមានបណ្ដាប្រទេសចំនួន ៦ ចូលរួមក្នុងសមយុទ្ធនេះ ដោយរួមទាំងអ្នកតំណាងរបស់អង្គការសហប្រជាជាតិ ក៏មានវត្តមាននៅទីនោះដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា «នេះមិនមែនជាលើកទីមួយទេ ដែលកងយោធពលខេមរភូមិន្ទ បានចេញទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍ ដែលមានបណ្ដាប្រទេសជាច្រើនចូលរួម ដូច្នេះយើងជឿជាក់ថាកម្លាំងរបស់យើងនិងចូលរួមក្នុងប្រតិបត្តិការសមយុទ្ធនេះប្រកបដោយជោគជ័យ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានកោតសរសើរចំពោះក្រុមការងារដែលបានសហការគ្នាយ៉ាងល្អជាមួយបញ្ជាការដ្ឋានកងពលតូចលេខ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រៀបចំទាំងកម្លាំង និងសម្ភារៈ បរិក្ខារយោធា ដើម្បីធានា ឱ្យការប្រុងប្រៀបចេញដំណើរទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍រួម «សន្តិភាព មិត្តភាព ២០២៣» នៅប្រទេសចិនបានប្រកបទៅដោយរលូន»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ ផ្ញើជូនដល់កងកម្លាំងទាំងអស់ ដែលនឹងត្រៀមចេញទៅចូលរួមនៅក្នុងសមយុទ្ធ ដែលមានឈ្មោះថាសមយុទ្ធរួម «សន្តិភាព មិត្តភាព ២០២៣» អាមែនយូយី ២០២៣ "AMAN YOUYI 2023" លើប្រធានបទ «ប្រតិបត្តិការយោធាចម្រុះ លើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកដល់នាយទាហានដែលទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍នេះ ត្រូវចូលរួមគោរពដាច់ខាត នៅរាល់បទបញ្ជា និងការចាត់តាំងនានា របស់ថ្នាក់ដឹកនាំក្រុម ឬមេបញ្ជាការដឹកនាំ ពិសេសបទបញ្ជាផ្ទៃក្នុង នៃសមយុទ្ធរបស់ប្រទេសម្ចាស់ផ្ទះ ហើយក៏រក្សាឱ្យបាននៅតម្លៃ សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិ សម្រាប់ជាតិយើងផងដែរ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ក៏បានរំលឹកឱ្យនាយទាហានទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវ «ភក្តីភាព ទឹកចិត្តក្លាហាន កាយសម្បទា និងជំនាញ» និងត្រូវចេះគ្រប់គ្រង និងប្រើប្រាស់កម្លាំងឱ្យចំគោលដៅនិងជំនាញ រក្សាសម្ងាត់យោធាខ្ពស់បំផុត ហើយត្រូវចាត់ទុក សមយុទ្ធដែលយើងទៅចូលរួមនេះ ជាការងារស្នូល ពីព្រោះថាដែលសមយុទ្ធដែលទៅចូលរួមនេះ គឺជាសមយុទ្ធដ៏មានសារៈសំខាន់ ដូច្នេះទាំងអស់គ្នាទាំងថ្នាក់ដឹកនាំក្រុម ក៏ដូចយោធិនដែលចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាដកពិសោធន៍ ទាំងចំណេះដឹង និងចំណេះធ្វើ ពីបណ្ដាប្រទេសដែលចូលរួម និងធានាគុណភាព មានឆន្ទៈមោះមុត លើជំនាញពិតប្រាកដ ហើយក៏ត្រូវតែទទួលបានជោគជ័យលើគ្រប់វិញ្ញាសានានា ក្នុងកម្មវិធីសមយុទ្ធ ដោយធានាបានទាំងកត្តាមនុស្ស និងសម្ភារៈ។
យោធិនទាំងអស់ ត្រូវចេះក្តាប់ឱ្យបានគ្រប់យុទ្ធវិធីសម័យទំនើប ដូចជាវិញ្ញាសាវាយរំដោះចំណាប់ខ្មាំង វាយចូលជ្រៅកម្ទេចបណ្តាទីតាំងខ្មាំងចេះប្រយុទ្ធរបៀបទ័ពព្រៃ ប្រឆាំងទ័ពព្រៃឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង ជាកម្លាំងចូលជ្រៅស៊ើបការណ៍តំបន់ទីតាំងខ្មាំង ជាកម្លាំងប្រតិបត្តិការវាយលុកចូលទីក្រុង អគារឬសំណង់ធំៗ បាញ់ប្រតិកម្ម រហ័សកម្ទេចគោលដៅ ជាកម្លាំងវាយតាមបណ្តាកោះ វាយឆ្មក់ និងជ្រៀតចូលទីតាំងខ្មាំងដោយសម្ងាត់ និងវិញ្ញាសានៃការបំពេញភារកិច្ចជាច្រើនទៀត តាមកម្មវិធីដែលម្ចាស់ផ្ទះរៀបចំសមយុទ្ធបានរៀបចំឡើង ដែលនេះគឺជាពិសោធន៍មួយដ៏ល្អសម្រាប់យកមកពង្រឹងកងយោធពលខេមរភូមិន្ទឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព លើការបំពេញភារកិច្ចការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ឱ្យបានកាន់តែរឹងមាំ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្ឃឹមជឿជាក់ថា ក្រោយបញ្ចប់សូមយុទ្ធនេះវិលមកមាតុប្រទេសវិញ កងទ័ពកម្ពុជា និងធានាបានទាំងកត្តាមនុស្ស និងសម្ភារៈ បរិក្ខា ហើយទទួលជោគជ័យសម្រាប់មោទនៈភាពជាតិកម្ពុជា៕