(កណ្តាល)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញទៅសំណេះសំណាលនិងចែកអំណោយជាស្បៀងអាហារ និងថវិកា ដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យាប្រចាំការផ្សាយ និងពិនិត្យមើលដំណើរការផ្សាយរបស់ស្ថានីយ៍ផ្សាយវិទ្យុជាតិកម្ពុជា AM918 KHz មានកម្លាំងផ្សាយ ៦០០KW ផ្សាយ ស្ថិតនៅស្ថានីយ៍វិទ្យុ ភូមិវាលកណ្តោល ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមការបញ្ជាក់របស់លោកស្រី ឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា បានជម្រាបជូន ពីដំណើរការផ្សាយ គឺចាប់តាំងពី ឆ្នាំ២០១៦មក វិទ្យុជាតិបានផ្សាយតាមហ្រ្វេកង់ AM 918KHz កម្លាំង 600KW គ្របដណ្តប់ទូទាំងប្រទេស និង FM 105.70KHz 30KW គ្របដណ្តប់រាជធានីភ្នំពេញ និងបណ្តាខេត្ត មួយចំនួននៅជុំវិញរាជធានីភ្នំពេញ។

ក្រៅពីការផ្សាយតាម Frequency AM និង FM វិទ្យុជាតិកម្ពុជា ក៏មានផ្សាយតាមវ៉េបសាយអគ្គនាយកដ្ឋាន និង ទម្រង់ឌីជីថលដូចជា ទំព័រហ្វេសប៊ុកផ្លូវការអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា, ឆេនណេលយូធូប, ឆេនណេលតេលេក្រាម, អេបក្រសួងព័ត៌មាន និង ទីកតុក នូវរាល់មាតិផ្សាយ ទាំងអស់របស់វិទ្យុជាតិកម្ពុជា។ ចំពោះការងារ ចុះយក-ផលិតព័ត៌មាន មានការវិវឌ្ឍន៍ទៅតាមសម័យកាល និង បច្ចេកវិទ្យា។ ជាមួយនេះបានផ្លាស់ប្តូរ ពីការចុះយកព័តមានដោយផ្ទាល់ ពីទីតាំងកើតហេតុ ឬ មូលដ្ឋាន មកទទួលព័ត៌មានតាមរយៈ មន្រ្តីមន្ទីរព័ត៌មានគ្រប់ខេត្តក្រុង និង តាមក្រសួងស្ថាប័ននានា និងការប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យា។

ចំពោះការងារកិច្ចសហប្រតិបត្តិការ វិទ្យុជាតិមានដៃគូរសហការ ដូចជា៖ ១៖ ស្ថានីយ៍វិទ្យុ-ទូរទស្សន៍មជ្ឈិមបក្សចិន (CMG ) ២៖ ស្ថានីយ៍វិទ្យុឈូងសមុទ្រ ប៉ៃពូ ក្វាងស៊ីចិន ៣៖ វិទ្យុសំលេងប្រជាជនវៀតណាម (VOV) ៤៖ ទីភ្នាក់ងារសារព័ត៌មាន Sputnik (ប្រទេសរុស្ស៊ី) ៥៖ ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROADCASTING UNION (ABU) ៦៖ វិទ្យាស្ថាន ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD)។

លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ វិទ្យុជាតិកម្ពុជា ទាំងអស់ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយកម្លាំងចិត្តនៅក្នុងការ បម្រើជាតិមាតុភូមិ តាំងតែពីដើម ដំណើរវិទ្យុជាតិនេះ គឺជាដំណើរមួយដែលចូលរួមនៅក្នុងបុព្វហេតុជាតិនិងប្រជាជន ជាពិសេសគឺការគាំទ្រទៅលើការងារសតិអារម្មណ៍។ ទាំងវិទ្យុជាតិ ទូរទស្សន៍ជាតិ ទាំងសារព័ត៌មាន គឺទាំងអស់គ្នាបានដើរតួអង្គយ៉ាងសំខាន់ ទៅលើចំណែក​ នៃការចូលរួមថែរក្សាសុខសន្តិភាពចូលរួមក្នុងការស្វែងរកសន្តិភាព ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងមកឥឡូវនេះក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានចូលរួមក្នុងការថែរក្សាសុខសន្តិភាព ដែលមានសម្រាប់ ហើយកិច្ចការងារនេះជាការងារសំខាន់ណាស់។

ជាមួយនេះ បងប្អូនទាំងអស់បានខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋ ដោយធ្វើម៉េចធានានូវសំឡេងរបស់រដ្ឋាភិបាល វិទ្យុជាតិទោះបីជាឥឡូវនេះប្រជាជនបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាមូលដ្ឋាននៃការទទួលព័ត៌មាន នៅតាមទីប្រជុំជនមួយចំនួនធំក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋនៅតាមទីជនបទ គឺវិទ្យុនៅតែជាមធ្យោបាយមួយនៃការផ្ដល់ព័ត៌មាន ហើយក៏នៅតែដើរតួនាទីសំខាន់នៅក្នុងការការពារសន្តិសុខជាតិ។

ប្រព័ន្ធផ្សព្វផ្សាយទំនើប ឧទាហរណ៍ដូច ទូរស័ព្ទបើសិនជាគេផ្ដាច់ប្រព័ន្ធ Internet គាត់អត់អាចទទួលព័ត៌មានបានទេ ប៉ុន្តែបើសិនជាមានវិទ្យុ មានទូរទស្សន៍ ទោះបីមិនមានប្រព័ន្ធ Internet តែគាត់នៅតែទទួលបាននូវព័ត៌មានដដែល។

លោកបានបញ្ជាក់ថា ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ បានគិតគូរខ្ពស់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់មន្រ្តីរាជការ ដោយទី១ ក្រសួងព័ត៌មាន បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក​ ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព, ទី២ បង្កើតជាទារកដ្ឋាន សម្រាប់អោយមន្រ្តីជាស្រ្តីមានទីកន្លែងបំបៅដោះកូន មានកន្លែងក្មេងលេង និងមានបណ្ណាល័យអានសៀវភៅថែមទៀតផងដែរ, ទី៣ ក៏នឹងផ្តល់ជាអង្ករជារៀងរាល់ខែដល់មន្រ្តីដែលមានជីវភាពខ្វះខាត, ទី៤ គិតគូរពីគោលការណ៍ ក.៣ កើត ការ និង កប់, និងទី៥ ការរៀបចំទីតាំងអោយមានផាសុខភាពសម្រាប់មន្រ្តីរាជការបំពេញកិច្ចការងារ។

លោក នេត្រ ភក្ត្រា បានសម្តែងនូវការអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់ ដោយមិនខ្លាចនឿយហត់ដើម្បីបម្រើដល់វិស័យព័ត៌មាននៅកម្ពុជា។

មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យាចំនួន ៣០ នាក់ ប្រចាំការនៅស្ថានីយ៍វិទ្យុជាតិកណ្តាលស្ទឹង ដោយក្នុងម្នាក់ៗទទួលអង្ករម្នាក់ ២៥គីឡូក្រាម ត្រី ខ ១ យួរ និងថវិកា ៥ ម៉ឺនរៀល៕