(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខកងកម្លាំងចម្រុះ និងក្រុមអន្តរាគមន៍ថ្នាក់ជាតិ ដែលកំពុងប្រតិបត្តិការនៅតំបន់ផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ព្រមទាំងត្រួតពិនិត្យរដ្ឋបាលជលផល ចាប់ពីចំណុចឃុំកំពង់លួង ស្រុកក្រគរ រហូតដល់ចំណុចក្រចាប់ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំងដោយធ្វើការអប់រំផ្សព្វផ្សាយ និងដកហូតកូនត្រីលែងចូលផ្ទៃទឹកបឹងទន្លេសាបវិញ បានមួយចំនួន។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនចំពោះកងកម្លាំងចម្រុះគ្រប់ប្រភេទ ដែលបាននឹងកំពុងបំពេញតួនាទីភារកិច្ច នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ប្រកបដោយឆន្ទះ និងស្មារតីទទួលខុសត្រូវខ្ពស់។

លោក ខូយ រីដា បានស្នើដល់មន្ត្រីរដ្ឋបាលជលផល ត្រូវបន្តផ្សព្វផ្សាយ ដល់បងប្អូនប្រជានេសាទ ឱ្យបានយល់ជ្រួតជ្រាប អំពីការប្រើប្រាស់ឧបករណ៍នេសាទណា ដែលច្បាប់អនុញ្ញាត ជាក់ស្តែងដូចជារបាំងសាច់អួន ពោលគឺមិនត្រូវឱ្យប្រើក្រឡាញឹក ក្រោម៣ហ៊ុននោះទេ។ បន្ថែមពីនោះ លោកអភិបាលខេត្ត ក៏បានដាក់ផែនការឱ្យមន្ត្រីរដ្ឋបាលជលផល ត្រូវសហការជាមួយកម្លាំងចម្រុះ បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប់ជាប្រចាំ ដូចភ្លៀងរលឹម ក្នុងករណីមានបទល្មើសកើតឡើងច្រើន ត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប រួមគ្នាបង្ក្រាបឱ្យខាងតែបាន ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានោះ លោកក៏បានណែនាំដល់មន្ដ្រីជំនាញជលផល ត្រូវរៀបចំបង្គោលដែលបង្ក្រាបបានពីឧបករណ៍ឈ្នក់ របាំង ដើម្បីត្រៀមទុកបោះជ្រុំក្នុងកន្លែងអភិរក្ស នៅរដូវប្រាំងខាងមុខ។ ទាក់ទងនឹងបញ្ហាលៀស ហាមដាច់ខាតការនេសាទលៀសប្រភេទចំណីសត្វ នាំចេញទៅក្រៅប្រទេស។ ចំពោះរបាំង ដែលលាតសន្ធឹងលើស ២/៣ នៃទទឹងមុខទឹក តាមអូរ ស្ទឹង ប្រឡាយ ព្រែក គណៈបញ្ជាការឯកភាពស្រុក ត្រូវណែនាំដល់អាជ្ញាធរមូលដ្ឋាន ដើម្បីរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះធ្វើការរុះរើ។

ក្នុងខណៈជួបផ្ទាល់ជាមួយប្រជានេសាទ ក្នុងស្រុកក្រគរ លោកក៏បានជម្រាបជូនថា ថ្មីៗនេះប្រជានេសាទនៅស្រុកកណ្តៀង និងស្រុកបាកាន ពួកគាត់បានចូលរួមជាមួយអាជ្ញាធរបានល្អហើយ ក្នុងការកាត់បន្ថយបទល្មើស ពីការប្រើប្រាស់ឧបរណ៍ដែលច្បាប់ហាមឃាត់ មកប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារវិញ។ លោកសង្ឃឹមថា បងប្អូនប្រជានេសាទនៅស្រុកក្រគរ នឹងចូលរួមដូចបងប្អូនប្រជានេសាទនៅស្រុកកណ្តៀង និងស្រុកបាកានដែរ ក្នុងអភិរក្សធនធានជលផលឱ្យសម្បូរឡើងវិញ ដើម្បីជាប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយ។

ក្នុងឱកាលនោះ លោក ខូយ រីដា ក៏បាននាំយកវត្ថុកំដរដៃ ចែកជូនដល់កម្លាំងចម្រុះ និងក្រុមអន្តរាគមន៍ថ្នាក់ជាតិ ទាំង១១អង្គភាព ដែលប្រចាំការ ត្រួតពិនិត្យកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល លើផ្ទៃទឹកបឹងទន្លេសាប ភូមិសាស្ត្រខេត្តពោធិ៍សាត់ រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ៕