(ភ្នំពេញ)៖ ឆ្នាំ២០២៣ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា ដែលចាប់ផ្តើមតាំងពីឆ្នាំ១៩៥៣។ នៅក្នុងឆ្នាំ១៩៥៤ មួយឆ្នាំបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត ប្រទេសកម្ពុជា បានបោះបង់សិទ្ធិរបស់ខ្លួនក្នុងការទាមទារសំណងខូចខាតក្នុងសង្គ្រាមលោកលើកទី២ ពីប្រទេសជប៉ុន។

ដើម្បីរំលឹកពីចំណងការទូតរវាងប្រទេសទាំងពីរ លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងឱកាសធ្វើបទបង្ហាញស្តីពី ចំណងមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីអបអរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកបានលើកឡើងពីទិដ្ឋភាពសំខាន់ៗដោយសង្ខេបចំនួន៤ ដើម្បីឆ្លុះបញ្ចាំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រយៈពេល៧០ឆ្នាំ ដោយសង្ខេបខ្លះៗ ដូចខាងក្រោម៖

ទី១៖ ប្រទេសកម្ពុជា និងជប៉ុន គឺជាដៃគូ ដ៏សំខាន់ក្នុងតំបន់ជាច្រើន ហើយមានប្រជាជនកម្ពុជាជាច្រើនបានចេញទៅសិក្សា ស្នាក់ និងធ្វើការនៅប្រទេសជប៉ុន និងមានប្រជាជនជប៉ុន ជាច្រើនកំពុងរស់នៅប្រទេសកម្ពុជា។ រដ្ឋាភិបាលទាំងពីរ បានគាំទ្រការចូលរួមចំណែកក្នុងតំបន់ និងសហគមន៍អន្តរជាតិ។

ប្រជាជនកម្ពុជា និងជប៉ុន មានការគោរពស្រឡាញ់ យោគយល់គ្នាយ៉ាងខ្លាំង។ ជាក់ស្តែង ក្នុងឋានៈជាឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ពេលលោកធ្វើដំណើរទៅណាមកណា គឺមានប្រជាពលរដ្ឋខ្មែរ ជាច្រើនបានស្វាគមន៍។ ចំណុចនេះជាលក្ខណៈដ៏ល្អនៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

ទំនាក់ទំនងកម្ពុជា-ជប៉ុន បានជាប់គាំងនៅអំឡុងទសវត្ស ៧០ និង៨០ ដោយសារតែសង្គ្រាមស៉ីវិលនៅកម្ពុជា។ អ្វីដែលជាការទម្រង់ទិស និងការសម្រួចទំនាក់ទំនងប្រកបដោយភាពវិជ្ជមានរវាងកម្ពុជា-ជប៉ុន គឺការចូលរួមយ៉ាង សកម្មរបស់កម្ពុជា ក្នុងការកសាងសន្តិភាព និងស្តារប្រទេសកម្ពុជាឡើងវិញ ក្នុងទសវត្ស៨០ និង៩០។

សម្តេចតេជោ ហ៊ុន សែន បានចូលរួមយ៉ាងសកម្មជាមួយនឹងការរឹងចំណងការទូតប្រទេសទាំងពីរ ឱ្យកាន់តែរឹងបន្ថែមទៀត។ បន្ថែមពីនេះកម្ពុជា និងជប៉ុន ជាប្រទេសដែលមានព្រះមហាក្សត្រគ្រងរាជសម្បត្តិដូចគ្នា ដោយរដ្ឋាភិបាលជប៉ុន បានយាងព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ទៅប្រទេសជប៉ុនក្នុងឋានៈជាភ្ញៀវរដ្ឋនៅឆ្នាំ១៩៥៥។ ខណៈជាង១០ឆ្នាំមុន ព្រះវចៅអធិរាជជប៉ុន ទ្រង់ក៏យាងមកកាន់ទឹកដីកម្ពុជា គ្រួសាររាជវង្សកម្ពុជា និងរាជវង្សជប៉ុន មានទំនាក់ទំនងយ៉ាងល្អ ដែលក្លាយជាចំណែកមួយដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី។

ជាមួយនឹងទំនាក់ទំនងការទូតនេះ ប្រទេសជប៉ុន បានបញ្ជូនអ្នកជំនាញរបស់ខ្លួន ជួសជុល និងកឬលម្អប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។

ប្រទេសជប៉ុន បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋ-សង្គម នៅកម្ពុជា ជាក់ស្តែង មានអ្នកវិនិយោគិនជប៉ុនជាច្រើន បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជប៉ុន ក៏ជាប្រទេសធំមួយ ក្នុងការផ្តល់ជំនួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ជាក់ស្តែងការស្ថាបនាស្ពានជ្រោយចង្វារ, ស្ពានគីសូណា, ស្ពានអ្នកលឿង ជាស្ពានឆ្លងទន្លេធំៗនៅកម្ពុជា។

កម្ពុជា បានគាំទ្រគោលនយោបាយរបស់ជប៉ុន រួមទាំងនៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ប្រទេសទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញ ទៅមកលើឆាកអន្តរជាតិ។ ហើយក៏បានកោតសសើររដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រគោលនយោបាយរបស់ជប៉ុន ហើយថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានគាំទ្រលើបញ្ហាទឹកផ្ទុកសារធាតុវិទ្យុសកម្ម មកពីស្ថានីយថាមពលនុយក្លេអ៊ែរ Fukushima ក្នុងរបៀបវារៈអន្តរជាតិ។

ជាពិសេសប្រទេសទាំងពីរ ក៏បានគាំទ្រឱ្យមានចូលរួមដោះស្រាយបញ្ហារវាងរុស្សី និងអ៊ុយក្រែន។ ជប៉ុន និងកម្ពុជា ក៏បានផ្តល់ការបណ្តុះបណ្តាលអ្នកដោះមីនដល់អ៊ុយក្រែន។

ទី២៖ ទាក់ទនងនឹងកិច្ចការរក្សាសន្តិសុខ និងការការពារជាតិវិញ កម្ពុជា និងជប៉ុន មា​នទំនាក់ទ្វេភាគីរីកចម្រើនយ៉ាងលឿន តាមរយៈការកសាងសមត្ថភាពកងទ័ព ក្នុងនោះកងទ័ពជប៉ុន ក៏បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងមានការចុះអនុស្សារណៈយោគយល់គ្នា រវាងកងទ័ពទាំងពីរ។ បន្ថែមពីនេះ កងទ័ពស្វ័យការពារជប៉ុន ក៏បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដើម្បីអបអរខួបខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ទី៣៖ ប្រទេសជប៉ុន តែងតែគាំទ្រ និងគោរពនូវឯករាជ្យ ព្រមទាំងជំហរនយោបាយការបរទេសរបស់កម្ពុជា ជានិច្ច។ ក្នុងការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក ហើយប្រទេសជប៉ុន សុំកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជាមកលើជប៉ុន ក្នុងនាមជាមិត្តភាពដ៏យូរអង្វែង រហូតឈានដល់ភាពជាដៃគូគ្រប់ជ្រុងជ្រោយនាពេលថ្មីៗនេះ។

ទី៤៖ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន វប្បធម៌ និងវប្បធម៌ ប្រទេសទាំងពីរ បានអនុវត្តន៍នូវព្រឹត្តិការណ៍ជាច្រើន ជាក់ស្តែងដើម្បីអបអរខួបអនុស្សាវរីយ៍៧០ឆ្នាំ រវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន បានរៀបចំឱ្យមានព្រឹត្តិការណ៍ជាច្រើនផងដែរ។ ក្នុងនោះរដ្ឋាភិបាល ជប៉ុន បានផ្តល់អាហារូបករណ៍ជាច្រើនដល់សិស្ស និស្សិតកម្ពុជា ជាច្រើនតាមរយៈកម្មវិធីជាច្រើន។

ក្នុងនោះមានឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើនរូប ក៏ធ្លាប់បានទៅសិក្សានៅប្រទេសជប៉ុន រហូតក្លាយជារដ្ឋមន្ត្រី របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ លោក ហេង សួរ បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុទ្ធ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាដើម៕