(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បាននាំយកអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ចុះឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួន១២គ្រួសារ ដែលកំពុងមានជីវភាពលំបាកខ្វះខាត នៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញ លេញដូចសព្វថ្ងៃនេះ។
ជាមួយនេះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារទាំងអស់ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារកុំបីអាក់ខានឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ត្រូវខិតខំថែទាំសុខភាព រស់នៅស្អាតមានអនាម័យ ដើម្បីជៀសផុតពីជំងឺដង្កាត់ផ្សេងៗ និងត្រូវខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារនីមួយៗ ឱ្យមានភាពល្អប្រសើរឡើង និងត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ពិសេសរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។
លោកឧត្តមសេនី យ៍ទោ សោម ស៊ុន បាននាំយកអំណោយគ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុនី ឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាត ចំនួន១២ គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយក្នុង១គ្រួសារទទួលបាននូវ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ។
បងប្អូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតទាំងអស់ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាកជូនពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ធឋពរទាំងឡាយបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕