(ភ្នំពេញ)៖ នៅថ្ងៃស្អែកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសភាពាណិជ្ជកម្មកម្ពុជារួមទាំងសមាគមវិនិយោជក សរុបចំនួន១៨ស្ថាប័ននឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្សដែលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈដែលក្នុងនោះក៏មានដែរសិក្ខាកាមដែលនឹងចូលសិក្សាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដែលនឹងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន១.៥លាននាក់។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករកាលពីថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២៣នេះ លោក ហេង សួររដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការចុះMoU នេះមានគោលបំណងធានាថាសិស្សមិនត្រឹមតែអាចអនុវត្តនូវរោងជាងនៅឯសាលានោះទេ ប៉ុន្តែអាចអនុវត្តជាក់ស្តែង និងធ្វើការជាក់ស្ដែងនៅក្នុងវិស័យឯកជន ដែលនឹងផ្តល់ឱ្យវិស័យឯកជននូវឱកាសដើម្បីពិនិត្យជ្រើសរើសសិស្សទាំងអស់នោះអាចចូលធ្វើការនៅក្រោយពេលដែលរៀនចប់វគ្គបណ្តុះបណ្តាល។

សូមបញ្ជាក់ថា តំណាងវិស័យឯកជនចំនួន១៨នេះ មានដូចជាសភាពាណិជ្ជកម្ម, សហព័ន្ធនយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), សមាគមវាយនភណ្ឌសំលៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC), សមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, សមាគមទេសចរណ៍, សមាគមសណ្ឋាគារកម្ពុជា, សហព័ន្ធចុងភៅកម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា, និងសមាគមសហគ្រិនស្ត្រីកម្ពុជា៕