(ឡាវ)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តហ្លួងប្រាបាង ប្រទេសឡាវ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមថ្លែងសន្ទរកថា នៅក្នុងសម័យប្រជុំពិសេស ដើម្បីអបអរខួប ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន  និងខួប ២០ ឆ្នាំ នៃភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៩។

នៅក្នុងសម័យប្រជុំពិសេសនេះ លោកអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យអ្នកចូលរួមប្រើប្រាស់ឱកាសនៃខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន ដើម្បីពង្រឹងភាពជាដៃគូ នៅក្នុងវិស័យដឹកជញ្ជូន។

នៅព្រឹកដដែលនេះលោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Ngampasong Muongmany រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ ដោយលោកបានអរអរសាទរប្រទេសឡាវ សម្រាប់ជោគជ័យនៃការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៩ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីម្សិលម៉ិញ។

លោកក៏បានកោតសរសើរប្រទេសឡាវ សម្រាប់ការចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនតំបន់ ក្នុងន័យបង្កើនសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅក្នុងសហគមន៍អាស៊ាន និងបានបញ្ជាក់ឡើងវិញពីការគាំទ្រឥតងាករេរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធានានូវភាពជោគជ័យរបស់ឡាវ ក្នុងការធ្វើប្រធានអាស៊ាននៅឆ្នាំ២០២៤។

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តហ្លួងប្រាបាង ប្រទេសឡាវដដែលនេះ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី ២១ ដោយលោកបានលើកទឹកចិត្តឱ្យអាស៊ាន និងជប៉ុនបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីគាំទ្រដល់ការបញ្ចប់ឱ្យបានឆាប់នៃកិច្ចព្រមព្រៀងសេវាផ្លូវអាកាសរវាងអាស៊ាន និងជប៉ុន។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ១៤ នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកក៏បានកោតសរសើរចំពោះការអនុម័តសេចក្តីប្រកាស ស្តីពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយសម្រាប់ចលតភាពឆ្លាតវៃ រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបានលើកទឹកចិត្តឱ្យអាស៊ាន និងសាធារណរដ្ឋកូរ៉េ ធ្វើការជិតស្និទ្ធជាមួយគ្នាសំដៅបញ្ចប់ឱ្យបានឆាប់នូវកិច្ចព្រមព្រៀងសេវាផ្លូវអាកាសអាស៊ាន-សាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានោះដែរនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តហ្លួងប្រាបាង ប្រទេសឡាវ លោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន។ កិច្ចប្រជុំបានពិភាក្សាអំពីការបញ្ជូលគ្នានៃរដ្ឋមន្ត្រីវិស័យទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងសហការឱ្យកាន់តែខ្លាំងរវាងវិស័យទាំងពីរ ដែលអាចចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ ស្របពេលផ្តល់ឱ្យអ្នកទេសចរនូវបទពិសោធន៍ធ្វើដំណើរប្រកបដោយការចងចាំ៕