(ឡាវ)៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៩ នៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សាអំពីអាទិភាពការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រវាងកម្ពុជា និងអាស៊ាន។

នាឱកាសនោះលោកបណ្ឌិត កៅ គឹមហួន បានសំដែងនូវការអបអរសាទរជូនចំពោះលោក ប៉េង ពោធិ៍នា ក្នុងឱកាសត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងបានកោតសរសើរដល់កម្ពុជា ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមនានារបស់អាស៊ាន ក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ និងលើកកម្ពស់ការតភ្ជាប់ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រកបដោយប្រសិទ្ធភាព ដែលបានចូលរួមចំណែកជួយសម្រួលដល់ការធ្វើដំណើរ ព្រមទាំងការធ្វើចរាចរទំនិញ និងសេវាកម្មក្នុងតំបន់អាស៊ាន។

លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានថ្លែងអំណរគុណជូនចំពោះលោកអគ្គលេខាធិការអាស៊ាន សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងវិស័យដឹកជញ្ជូន ជាមួយប្រទេសជាសមាជិកអាស៊ាននាពេលកន្លងមក និងបានស្នើឱ្យលេខាធិការដ្ឋានអាស៊ានបន្តជួយគាំទ្រកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យសាធារណការ និងដឹកជញ្ជូននាពេលអនាគតផងដែរ៕