(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោស្រី ម៉េង វ៉ាន់ដានីន ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រារព្ធធ្វើពិធីក្រុងពាលី សាងសង់រង្វង់មូលអាងទឹកតាភួង ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តត្បូងឃ្មុំ។

ពិធីនេះប្រព្រឹត្តទៅនៅបរិវេណរង្វង់មូលអាងទឹកតាភួង ស្ថិតនៅភូមិជ័យនិគម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានកាអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន-អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងទាំង៣ប្រភេទ អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ។

ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តត្បូងឃ្មុំ ក្នុងសម័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោមការមូលមតិគ្នា របស់គណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្ត ដែលប្រារព្ធធ្វើឡើង តាមបែបព្រហ្មញ្ញសាសនា ដែលនៅក្នុងនោះមានពិធីថ្វាយគ្រឿងសក្ការៈទិស ទាំង៨ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពិធីប្រគំភ្លេងថ្វាយទសបារមី តាមបែបបុរាណ និងគន្លងប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា របស់ខ្មែរក្នុងបុព្វហេតុបួងសួងសុំសេចក្ដីសុខសម្រាប់ការសាងសង់រង្វង់មូលអាងទឹកតាភួង ជាពិសេសបូជាស្ដេចក្រុងពាលីដើម្បីជាលំអាន សម្រាប់មនុស្សជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឱ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។

ទន្ទឹមនេះ រដ្ឋបាលខេត្ត បាននឹងកំពុងកសាងរង្វង់មូលហ្លួងព្រះស្តេចកន ជិតរួចរាល់ហើយដែរ ដោយមានជាផ្លូវបេតុងព័ទ្ធជុំវិញ សួនច្បារទ្រូងផ្លូវ ភ្លើងអមសងខាងផ្លូវ (ផ្លូវចូលមកកាន់តំបន់រដ្ឋបាលខេត្ត) មានរៀបចំកែលម្អ សោភ័ណភាព សួនច្បារ ក្នុងខេត្ត និងសួនច្បារជុំវិញរង្វង់មូលក្នុងតំបន់រដ្ឋបាលខេត្ត ដោយមានលម្អដើមឈើ ផ្កា ភ្លើងបំភ្លឺ អមតាមដងផ្លូវ មានជាសួនតាមច្រាំងទន្លេសិប្បនិម្មិត អាងទឹកសោភ័ណត្បូងឃ្មុំ ដើម្បីងាយស្រួលដល់ បងប្អូនប្រជាពលរដ្ឋលម្ហែកាយ លំហាត់ប្រាណ និងមានកន្លែងកម្សាន្តនានា ជាច្រើនទៀតផងដែរ។

ទាំងនេះ គឺស្តែងឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ តាមរយៈយុទ្ធសាស្រ្តឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល លើមាគ៌ាគោលនយោចតុកោណ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាស្ថាបនិកឯក បន្តសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើមាគ៌ាគោលនយោបាយបញ្ចកោណ ដោយបន្តការរក្សាប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ៕