(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ និងដោយមានការចូលរួមពីលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ និងលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះពិនិត្យការផ្តល់សេវាសុខភាព តាមមណ្ឌលសុខភាពមួយចំនួននៅតាម ក្រុង ស្រុក ក្នុងខេត្តព្រះវិហារ។

លោកវេជ្ជបណ្ឌិត គួង ឡូ ឱ្យដឹងថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ ទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ ដោយមានការចូលរួមសម្របសម្រួលពីលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ លោកប្រធានការិយាល័យស្រុកប្រតិបត្តិ និងរូបលោកផ្ទាល់ បានចុះពិនិត្យមណ្ឌលសុខភាពចំនួន០៨ កន្លែង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមមាន មណ្ឌលសុខភាពប្រមេរុ ត្បែងមានជ័យ ស្អាង ឆែប ម្លូព្រៃ តាកឹង គូលែន និងកោះកេរ្តិ៍។

លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានថ្លែងបញ្ជាក់ថា ការអញ្ជើញចុះពិនិត្យមណ្ឌលសុខភាពពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលនាពេលនេះ គឺក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពសេវានៅតាមមណ្ឌលសុខភាព នៅក្នុងខេត្តព្រះវិហារ ឱ្យស្របតាមយុទ្ធសាស្តបញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្ដោតទៅលើការផ្តល់សេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាអាទិភាពចំបង។

លោក គួង ឡូ បានថ្លែងទៀតថា ការចុះពង្រឹងគុណភាពសេវាមណ្ឌលសុខភាពនាពេលនេះ ដែរគឺផ្ដោតសំខាន់ៗទៅលើ៖ ការពង្រឹងរៀបចំឱ្យល្អប្រសើរហេដ្ឋារចនាសម្ព័ន្ធបរិស្ថានជុំវិញមណ្ឌលសុខភាព, ក្រមសីលធម៌វិជ្ជាជីវៈ និងការបម្រើសេវាដោយការទទួលខុសត្រូវ​, ការបំពាក់ឧបករណ៍សម្ភារៈបរិក្ខារ និងឱសថ​, ការពង្រឹងវិន័យការងារ និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ និងការគ្រប់គ្រងធនធានមនុស្ស និងការបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត សុឹម ស៊ូយេង និងក្រុមកាងារ ក៏បានជួបសំណេះសំណាល សួរសុខទុក និងជូនពរដល់អ្នកជំងឺ ព្រមទាំងក្រុមគ្រួសារ ដែលបានមកទទួលសេវានៅក្នុងមណ្ឌលសុខភាព​ លោកក៏បានថ្លែងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី​ក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខាភិបាល និងការថែទាំ​ ហើយព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវ៕